ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាកល្បងសមត្ថភាពរបស់ខ្លួននា ខែឧសភា ខាងមុខនេះ ដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីលទាំងឡាយណា ដែលបានបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ។
គម្រោងនៃការធ្វើតេស្តក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះ ស្ថិតនៅក្នុងផ្នែកនៃកម្មវិធីការពារមីស៊ីលផ្លោង របស់កម្លាំងយោធាអាមេរិក ដើម្បីទប់ទល់ប្រឆាំងទៅនឹងការគំរាមកំហែងនានាពីសំណាក់កូរ៉េខាងជើង ក៏ដូចជាប្រទេសអ៊ីរ៉ង់ ប៉ុន្តែសម្រាប់ខណៈពេលនេះ យ៉ាងហោចណាស់ វានឹងត្រូវធ្វើឡើងដើម្បីធានាថា អាមេរិកពិតជាមាន សមត្ថភាពពេញលេញក្នុងការការពារ ការគំរាមកំហែងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
ការធ្វើតេស្តសមត្ថភាពទីមួយ នឹងពាក់ព័ន្ធជាមួយការបាញ់សាកល្បងនូវប្រភេទមីស៊ីល SM ដែលត្រូវបានបង្កើនអានុភាព ចេញពនាវាចម្បាំងយោធាជើងទឹកអាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ កម្មវិធីនេះបានស្ថិតក្រោមការអភិវឌ្ឍជាមួយប្រទេសជប៉ុន និងមានគោលដៅដើម្បីបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងដល់សម្ព័ន្ធមិត្តអាមេរិក។
ចំណែកឯការធ្វើតេស្តដ៏សំខាន់ដាច់ដោយឡែកមួយទៀតនោះ ដែលគ្រោងប្រពឹត្តទៅនាចុងខែឧសភា នឹងធ្វើការត្រួតពិនិត្យក៏ដូចជា វាយតម្លៃទៅលើសមត្ថភាពរបស់ សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបឬអន្តរទ្វីប នាពេលអនាគតរបស់កូរ៉េខាងជើង ដែលអាចគំរាមកំហែងដល់ទឹកដីអាមេរិកផ្ទាល់។
ជុំវិញសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រមុខដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន បានអះអាងថា ប្រទេសរបស់លោកមានបច្ចេកវិទ្យាបាលីស្ទីក (Ballistic) នៅក្នុងដៃដែលចាំបាច់សម្រាប់ការវាយប្រហារ ទៅលើប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ម្យ៉ាងវិញទៀត នៅក្រោយការធ្វើតេស្តមីស៊ីលកាលពីខែសីហា ឆ្នាំ២០១៦ លោក គីម បានបញ្ជាក់ថា អាមេរិក និងទីតាំងប្រតិបត្តិការយោធារបស់អាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក គឺស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់កូរ៉េខាងជើង ហើយបន្ទាប់ពីការបំផ្ទុះសាកល្បងក្បាលគ្រាប់មីស៊ីលកាលពីខែកញ្ញា ឆ្នាំដដែល ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញមុខព្រមានថា ប្រទេសរបស់ខ្លួនមានសមត្ថភាពបំពាក់ក្បាលគ្រាប់លើមីស៊ីលបានហើយ។
គួរបញ្ជាក់ដែរថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទើបធ្វើការប្រកាស នៅក្នុងសប្ដាហ៍នេះថា ក្រសួងនឹងចាប់ផ្តើម ធ្វើការត្រួតពិនិត្យ សមត្ថភាព អាវុធនុយក្លេអ៊ែ របស់ខ្លួន រួមជាមួយនឹងដំណើរ ការកំណត់តួនាទី នុយក្លេអ៊ែ Nuclear Posture Review ។ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យ មានការត្រួតពិនិត្យ កាលពីថ្ងៃទី២៧ ខែមករា ក្នុងពេលដ៏ខ្លីបន្ទាប់ ពីចូលកាន់តំណែង ជាផ្លូវការ ក្នុងគោលដៅ ធ្វើឲ្យប្រាកដថា សមត្ថភាព នុយក្លេអ៊ែ សហរដ្ឋអាមេរិក នៅតែមានប្រសិទ្ធភាព អាចធ្វើឲ្យកម្លាំង សត្រូវភ័យខ្លាច ។ប៉ុន្តែយោងតាម សេចក្តីរាយការណ៍ របស់ UPI បានឲ្យដឹងថា ការត្រួតពិនិត្យ ដំណើរការកំណត់ លើអាវុធនុយក្លេអ៊ែ សហរដ្ឋអាមេរិកនេះ បានចាប់ផ្តើមធ្វើជាផ្លូវការ បន្ទាប់ពីមាន ការចេញបញ្ជា មួយចំនួន ពីរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក James Mattis៕
ព្រភព៖ CNN ប្រែសម្រួល៖ ខេមរា