នរវិទូ លោកសាស្ត្រាចារ្យ អាំង ជូលាន យល់ឃើញថា មនុស្សម្នាក់ៗត្រូវតែធ្វើកិច្ចការល្អៗ ដើម្បីតបស្នងសងគុណដល់ប្រទេសជាតិវិញ ដ្បិតមនុស្សម្នាក់ៗ សម្រាប់លោក សុទ្ធតែជំពាក់ប្រទេសកំណើតរបស់ខ្លួន។ លោកសាស្ត្រាចារ្យនិយាយសង្កត់ធ្ងន់ថា «អ្នកណាៗអាចស្លាប់បាន តែប្រទេសជាតិមិនអាចស្លាប់បានទេ»។
ប្រសាសន៍របស់លោកនរវិទូ អាំង ជូលាន៖
លោក អាំង ជូលាន សាស្ត្រាចារ្យនរវិទ្យាមិនជឿលើការស្លាប់ហើយ កើតមកវិញនោះទេ។ ដូច្នេះនៅពេលមានជីវិតក្នុងពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យយល់ឃើញថា មនុស្សទាំងអស់មិនត្រូវរស់នៅ គ្រាន់តែរង់ចាំតែស្លាប់ដែលចៀសមិនផុតនោះឡើយ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗក្នុងពេលកន្លងមកទាក់ទងនឹងបញ្ហាសង្គម លោកនរវិទូបានពន្យល់អំពីសារសំខាន់នៃប្រទេសជាតិ ដែលមនុស្សគ្រប់គ្នាត្រូវគិតគូរជាអាទិភាព ហើយលោកចង់ឲ្យពលរដ្ឋខ្មែរធ្វើអំពើជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោក អាំង ជូលាន បានអធិប្បាយយ៉ាងដូច្នេះ៖«បើប្រៀបធៀបជាមួយប្រវត្តិនៃប្រទេសកម្ពុជា ជីវិតយើងកើតមកគ្រាន់តែជាដំណើរឆ្លងកាត់ដ៏តូចមួយប៉ុណ្ណោះ។ ជីវិតយើងប៉ុនអាចម៍សុច។ ម្លោះហើយ បើប៉ុនអាចម៍សុចហើយ អត់ប្រយោជន៍ទៀត ម៉េចហ្នឹងកើត?»
លោកសាស្ត្រាចារ្យចង់ឃើញពលរដ្ឋខ្មែរទាំងអស់គ្នាយល់ថា ពួកគេជំពាក់គុណប្រទេសជាតិ។ «ខ្ញុំមិននិយាយអួតអាងដល់ថា ខ្ញុំជាអ្នកស្នេហាជាតិអ្វីនោះទេ។ ប៉ុន្តែខ្ញុំយល់ថា មនុស្សគ្រប់គ្នាត្រូវធ្វើអ៊ីចឹង។ ហួសតែពីខ្លួនយើង ហួសពីគ្រួសារយើង គឺជាតិយើង។ យើងអាចមានអ្នកនេះស្លាប់ អ្នកនោះស្លាប់ តែជាតិយើងមិនត្រូវស្លាប់ទេ»។
នរវិទូ អាំង ជូលាន បានបញ្ជាក់ ជីវិតគឺជាការចែករំលែក៕
ប្រភព៖ ថ្មីៗ