(ភ្នំពេញ)៖ការកកស្ទះចរាចរណ៍នៅលើផ្លូវក្នុងទីក្រុងភ្នំពេញ ត្រូវគេរំពឹងថានឹងបានធូរស្រាល បន្ទាប់ពីប្រពន្ធ័ត្រួតពិនិត្យចរាចរណ៍ នៅតាមដងផ្លូវនិងតាមភ្លើងស្តុបត្រូវបានតម្លើងរួចនឹងដាក់ឲ្យ ប្រើប្រាស់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិយាយឲ្យដឹងថា ភ្លើងស្តុបថ្មីជាមួយនឹងកាមេរ៉ាសុវត្ថិភាព ដែលកំពុងតែដំណើរការតម្លើងរួចជាបន្តបន្ទាប់នឹងចាប់ផ្តើមបើកប្រើប្រាស់បណ្តើរៗចាប់ពីខែមករា និងប្រើទាំងអស់នៅក្នុងខែឧសភាឆ្នាំ ២០១៧ខាងមុខ។
លោកនាយកមន្ទីរបាននិយាយដោយរំពឹងថា នៅពេលភ្លើងស្តុបថ្មីជាមួយនឹងកាមេរ៉ាសុវត្ថិភាព ដែលកំពុងបន្តតម្លើងនៅតាមភ្លើងស្តុបនិងតាមដងផ្លូវបានតម្លើងរួច នឹងដាក់ឲ្យប្រើប្រាស់ដោយមានមណ្ឌលត្រួតពិនិត្យប្រពន្ធ័ចរាចរណ៍ នៅក្នុងអគារសាលាក្រុងនោះ បញ្ហាកកស្ទះអាចនឹងត្រូវបានកាត់បន្ថយហើយ។
លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ភ្លើងបញ្ជាចរាចរណ៍នៅតាមស្តុបនីមួយៗនាពេលកន្លងទៅ បានដាក់មានរយៈពេលស្មើគ្នា ទោះជានៅលើផ្លូវម្ខាងគ្មានចរាចរណ៍រង់ចាំ ជាពិសេសនៅពេលថ្ងៃនិងពេលយប់គ្មានចរាចរណ៍ឆ្លងកាត់ច្រើនតែនៅពេល ខាងមុខត្រូវបានបញ្ជាផ្លាស់ប្តូរភ្លាមៗ ពីមណ្ឌលត្រួតពិនិត្យប្រព័ន្ធចរាចរណ៍តាមស្ថានភាពជាក់ស្តែង បើនៅលើផ្លូវណាមានការកកស្ទះវែង ដាក់ភ្លើងខៀវយូរជាងនៅលើផ្លូវដែលចរាចរណ៍តិច។
ប្រភព៖ Sabay