រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកលោកផែង វណ្ណៈ នៅរសៀលថ្ងៃទី១៧ មីនា ២០១៧ បានអោយដឹងថា មានគណនីមួយមានដែលឈ្មោះថា MaDa HP’s សង្ស័យជាកូនស្រីរបស់ ហេង ពៅ បានគំរាមប្តឹងរឿងលោកផែង វណ្ណៈ ឌៀលនិងចោទប្រកាន់ឳពុករបស់ខ្លួនថា ជាជនពាល និងឧក្រិដ្ឋជន រហូតទាមទារអោយលោកបងស្រាយពីច្បាប់និងមាត្រាថែមទៀត ។
ការគំរាមប្តឹងនេះបន្ទាប់ពីលោកផែង វណ្ណៈ បានធ្វើការចែករំលែកបន្តនូវអត្ថបទរបស់កាសែតក្នុងស្រុកមួយបានចុះផ្សាយមានចំណងជើងថា«សំណាងធំណាស់» ដោយលោកផែង វណ្ណៈ បានសរសេរថា «តិចកូនគេប្ដឹងដូចខ្ញុំទៅ ហៅឪគេសុទ្ធតែឧក្រិដ្ឋជន ឬជនពាល គ្រាន់តែតុលាការកាត់ទោសដាក់គុក ១០៣ ឆ្នាំសោះ ។ អ្នកមិនរងគ្រោះដោយសារ ហេង ពៅ មិនយល់ពីទំហំឈឺចាប់ទេ ទាល់តែរងគ្រោះផ្ទាល់ដូចលោកថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព ដែលហេង ពៅ អោយកូនចៅទៅបាញ់សម្លាប់ទើបដឹងថាការឈឺចាប់មានទំហំប៉ុនណា? នេះមិនទាន់និយាយដល់ទុក្ខវេទនារបស់លោកប្រធានសាខាអគ្គីសនីចាក់អង្រែ ដែលពិការនៅលើតែរទេះរុញដោយស្នាដៃមហិមារបស់ ហេង ពៅ ផង»។
តាមរយៈComment បានបង្ហាញថា គណនីឈ្មោះ MaDa HP’s ប្រហែលជាកូនស្រី ហេង ពៅ បានសរសេរថា «លោកឯង អន់ណាស់ ផែង វណ្ណះ លោកឯងមិនហ៊ានទទួលខំមិនខ្ញុំ លុបខំមិនខ្ញុំ មិនហ៊ានទទួលស្គាល់ការពិត ហ៊ានធ្វើមិនហ៊ានទទួល បើខ្លាំងខ្លួនជាមន្ត្រីប៉ូលិសក្រុងជាង២០ឆ្នាំ ជេរដៀលឪពុកខ្ញុំកប់ៗមាត់ ហ៊ានឲយើងប្ដឹងទៀត វាជារឿងក្រោយ រឿងដែលយើងត្រូវការពីលោកឯងពេលនេះ គឺភស្ដុតាង ដែលលោកឯងចោទឪពុកខ្ញុំ ថាជាជនពាល និងជាឧក្រិដ្ឋជន មនុស្ស កន្ទុយខ្វៀនដូចជាលោក មិនមែនជាប្រុសទេ អន់ណាស់ បក្សប្រជាជន មិនគួរទុកមនុស្សដូចជាលោកប្រើ ទៀតទេវាអន់ដល់គេគ្រប់គ្នា សូម្បីត្រឹមវីដេអូ ក៏កាត់ត របស់គេត្រឹមពាក់កណ្ដាលមកផុស មូលបង្កាច់ លោកឯងបង្ហាញ់ភស្ដុតាង មក បើលោកឯងជាមន្ត្រីមានសម្ថកិច្ច ពិត បើលោកឯងជា មនុស្សល្អ មិនមែន ប្រើបបូរ ជេរដៀលគេ ទាំងគ្មាន ភស្ដុតាងបែបនេះទេ
មនុស្សគ្មានគុណធម៌ គ្មានសីលធម៌ក្នុងខ្លួន អួតថាជាប៉ូលីស ស្អី តុលាការ មិនទាំងមានភស្ដុតាងផង ខ្លួនឯងមកហ៊ានអះអាង ស្អី» ។
ជាមួយគ្នានេះដែរគណនីឈ្មោះថា Madaline សង្ស័យជាកូនស្រីរបស់ ហេង ពៅ ម្នាក់ទៀតក៏បានបានសរសេរអោយដឹងថា « សូមជំរាបជូនពុកម៉ែបងប្អូនឲ្យបានជ្រាបថាពួកខ្ញុំជាកូនៗ លោក ហេង ពៅ បានត្រៀមខ្លួនរួចរាល់ហើយ សំរាប់ការឆ្លើយតប និងតតាំងតាមផ្លូវច្បាប់ជាមួយបុគ្គល ឈ្មោះ ផែង វណ្ណះ យើងខ្ញុំបានត្រៀមឯកសារ និងភស្ដុតាងដែលបញ្ជាក់ពីភាពស្អាតស្អំ របស់ឪពុកយើងខ្ញុំ ជូនសាធារណៈជន បានជ្រាប ហើយក៏នឹងត្រៀមខ្លួនធ្វើសន្និសិទ្ធិកាសែត សំរាប់ឆ្លើយតបជាមួយបុគ្គល លាបពណ៌ ឈ្មោះ ផែង វណ្ណះដែលជាដង្កូវសង្គម មួយនេះ។ ហើយសូមទាមទារឲ្យលោក បង្ហាញឯកសារ និងភស្ដុតាងទាំងឡាយណា ដែលលោកមាន ដូចពាក្យលោកឌៀលនិងចោទប្រកាន់ឪពុកខ្ញុំ ថាជាជនពាល និងឧក្រិដ្ឋជន នោះ ។ លោកត្រូវតែបង្ហាញឯកសារ និងភស្ដុតាងរាល់ពាក្យឡាយណាដែលលោកបានចោទឪពុកខ្ញុំ ត្រូវតែបង្ហាញជាសាធារណៈជាដាច់ខាត ផ្ដល់វាឲ្យតុលាការធ្វើការ ចំពោះភស្ដុតាងដែលលោកមាន ដើម្បីដាក់បន្ទុកឪពុកខ្ញុំ ។ យើងខ្ញុំជាកូនៗ ទទួលយកការលាបពណ៌ពីបុគ្គលនេះមិនបានឡើយ អោយតែមានការឆ្លើយតបណាមួយពីបុគ្គល ផែង វណ្ណះ យើងខ្ញុំនឹងធ្វើសន្និសិទ្ធកាសែតភ្លាមផ្ញើរផែង វណ្ណះ» ។
រហូតមកដល់ល្ងាចថ្ងៃដដែលនេះអង្រុតនៅមិនទាន់ធ្វើការសុំការបំភ្លឺបន្ថែមពីភាគគីកូនៗរបស់ ហេង ពៅ និងលោកផែង វណ្ណៈ បាននៅឡើយទេ៕
ប្រភពៈ angrut