រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Worldbridge Land បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Khmer Foundation Appraisal ហៅកាត់ថា KFA លើគម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យ ក្នុងការទទួលសិទ្ធលក់ជូនប្រជាពលរដ្ឋ ដោយបានប្រកាសជាផ្លូវការ និងអនុញ្ញាតឲ្យអតិថិជនចុះឈ្មោះ ដើម្បីទិញលំនៅឋាននោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
យោងតាមព្រឹត្តិការណ៍ខាងលើនេះដែរ មានប្រជាពលរដ្ឋដែលរស់នៅកណ្ដាលទីក្រុងភ្នំពេញជាច្រើនរយនាក់ បានសម្រុកជើងគ្នាចុះទៅទិញគម្រោងនេះ ដល់ទីតាំងក្រុមហ៊ុនលក់ផ្ទាល់ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ២ (ជាប់មាត់ទន្លេ ចន្លោះវត្តចាក់អង្រែក្រោម-សាកលវិទ្យាល័យ IIC) ខណៈដែលទីតាំងពិត នៃគម្រោងលំនៅឋានសាធារណៈនេះ ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល (ប្រហែល៨គីឡូម៉ែតពីរង្វង់មូលក្រុងតាខ្មៅ)។
អតិថិជនឈ្មោះ ប៉ារីដា ភេទស្រីអាយុប្រហែលជិត ៤០ឆ្នាំ ជាអ្នកមកពីខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅជួលផ្ទះគេក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា លោកស្រីមានកូនពីរនាក់ នឹងពុំទាន់មានលំនៅឋានផ្ទាល់ខ្លួននៅឡើយទេ ដូច្នេះហើយទើបមកចុះឈ្មោះស្នើសុំទិញលំនៅឋានសាធារណៈ គម្រោងទី២ តម្លៃប្រហែល ៣៥០០០ ដុល្លារ ស្ថិតក្នុងកិច្ចសហការរវាងក្រុមហ៊ុន Worldbridge Land និងរដ្ឋាភិបាលនេះ ថែមទាំងមានទំនុកចិត្តថា នឹងអាចទិញផ្ទះនោះ រហូត៧០-៨០ភាគរយ ខណៈលោកស្រីមានលក្ខខណ្ឌគ្រប់គ្រាន់ដែលក្រុមហ៊ុនទទួលបន្ទប់ផ្នែកលក់អាចទទួលយកបាន។
អតិថិជនរូបនេះបានបន្តថា ដំណឹងលក់ផ្ទះតម្លៃធូរថ្លៃនេះ គាត់ទទួលបានពីបណ្ដាញសារព័ត៌មាន និងសង្គមហ្វេសប៊ុក រហូតមកដល់ថ្ងៃទី០៤នេះ លោកស្រីក៏បាននាំយកឯកសារផ្សេង ដើម្បីយកមកបំពេញបែបបទនានា សម្រាប់ស្នើសុំទិញផ្ទះខាងលើនេះតែម្ដង ប៉ុន្តែទោះជាយ៉ាងណាលោកស្រីបានលើកឡើងនូវមួយចំណុចទៅកាន់ក្រុមហ៊ុនផងដែរ គឺស្នើឲ្យក្រុមហ៊ុនកុំឲ្យយកលុយកក់មុន ព្រោះគាត់មិនមានលទ្ធភាពទទួលបានប្រាក់ច្រើនយ៉ាងនោះមកបង់ជូនក្រុមហ៊ុននោះទេ តែបើឲ្យបង់ប្រចាំខែគឺលោកស្រីបានលទ្ធភាពក្នុងការបង់ជូនក្រុមហ៊ុន ខណៈនោះក៏មានអតិថិជនផ្សេងទៀតបានស្នើសុំក្រុមហ៊ុនពិចារណាត្រង់ចំណុចនេះផងដែរ។
អតិថិជន ដែលជាមន្ត្រីរាជការមកពីក្រសួងមួយមិនបានបញ្ជាក់ឈ្មោះបានឲ្យថា សព្វថ្ងៃលោករស់នៅជាភរិយា និងកូនក្នុងផ្ទៃជិតគ្រប់ខែ នៅម្ដុំផ្សារដើមថ្កូវ។ មូលហេតុដែលជំរុញឲ្យលោកនិងភរិយាមកដាក់ពាក្យស្នើសុំទិញលំនៅឋាន ដែលស្ថិតនៅឆ្ងាយពីក្រុងភ្នំពេញដូច្នេះ គឺដោយសារតែឥតជម្រើស ព្រោះរស់នៅរាល់ថ្ងៃគឺជួយផ្ទះគេ ម្យ៉ាងទៀតប្រាក់បៀវត្សមន្ត្រីរាជការរបស់លោកបានត្រឹមតែជាង ៩០ម៉ឺនរៀលតែប៉ុណ្ណោះ ដូច្នេះមិនមានជម្រើសណាមានលទ្ធភាពទិញផ្ទះនៅដោយខ្លួនឯង ក្រៅពីគម្រោងទិញបង់រំលស់នេះនោះទេ។
លោកបានបន្តថា ថ្វីត្បិតតែបានដាក់ពាក្យស្នើសុំទិញផ្ទះនោះរួចហើយពិតមែន តែលោកបានកង្វល់ក្នុងចិត្តមួយ មិនដឹងថា គម្រោងលំនៅឋានសាធារណៈហ្នឹងចេញរូបរាងឡើង ស្រប់តាមអ្វីដែលបានបង្ហាញដោយក្រុមហ៊ុនខាងលើ ឬយ៉ាងណាទេ ជាពិសេសខ្លាចត្រង់តំបន់នោះ វស្សាមកដល់ត្រូវបានទឹកចូលដល់ ប៉ុន្តែទោះជាបែបនេះក្តី ពួកលោកត្រូវតែសម្រេចចិត្តក្នុងការទិញវា ព្រោះគ្មានជម្រើសផ្សេងទេ ហើយក៏សប្បាយចិត្តយ៉ាងខ្លាំងដែរ ដែលក្រុមហ៊ុនខាងលើ និងរដ្ឋាភិបាលបានបង្កើតគម្រោងផ្ទះតម្លៃទាប និងមធ្យមនេះឡើង ដែលជួយសម្រួលដល់ជីវភាពពលរដ្ឋដែលខ្សត់ខ្សោយលទ្ធភាពដូចជាពួកលោក។
សូបបញ្ជាក់ថា ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់ ស្ថិតក្នុងគម្រោងលំនៅឋានសាធារណៈ មានតម្លៃសមរម្យនេះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទផ្សេងគ្នា ទី១-មានចំនួន ២០២៥ខ្នងផ្ទះ ទំហំដី ៤ម៉ែត្រ x ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ x ៧ម៉ែត្រ កម្ពស់ ២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១ តម្លៃប្រហែល ២៥០០០ដុល្លារ និងប្រភេទទី២-ចំនួន ២៧២ខ្នងផ្ទះ ទំហំដី ៦ម៉ែត្រ x១០.៥ម៉ែត្រ ទំហំផ្ទះ ៦ម៉ែត្រ x៧ម៉ែត្រ កម្ពស់ ២ជាន់ មានបន្ទប់គេង ៣ និងបន្ទប់ទឹក៣ លំហមុខផ្ទះ ១.៥ម៉ែត្រ និងលំហក្រោយផ្ទះ ២ម៉ែត្រ ចំពោះតម្លៃជាក់លាក់ គឺស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ៕
(ព័ត៌មានការិយាល័យសម្រាប់ទិញ និងកក់ អាចទំនាក់ទំនងតាមរយៈលេខ ០៧០ ៩០៥ ៣៣៣/០៧០ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣)
ប្រភពៈ khmer-press