ខេត្តសៀមរាប៖ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ ចំនួន៥១រូប នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប សាកលវិទ្យាល័យធិការ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអង្គរប្រមាណ ៣០០នាក់។
វគ្គបណ្តុះបណ្តាលថ្នាក់ជាតិជំនាន់ទី២នេះត្រូវបានបញ្ចប់ដោយសិក្សារយៈពេល៤ខែ និងចុះកម្មសិក្សា២ខែ ដែលមានជំនាញផ្នែកភាសាចំនួន ០៨ ដូចជា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ អុីតាលី អេស៉្បាញ និងអាល្លឺម៉ង់។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារអំពីប្រទេស” ដែលផ្តល់ព័ត៌មាន ពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងផលិតផលទេសចរណ៍នានារបស់ប្រទេសដល់ទេសចរអន្តរជាតិ ពោលគឺចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក។ ដូចនេះ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល។
នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍មាន៥ប្រភេទ៖ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស។ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ សំដៅដល់មគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ការងារច្រើន និងមានចំណេះដឹងខ្ពស់ ហើយមានសិទ្ធិនាំភ្ញៀវទេសចរទៅគ្រប់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃអនុក្រឹត្យស្តីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា។
ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសណ៍ បេក្ខជនត្រូវចូលរួមប្រឡងជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសណ៍ តាមសាលា ឬសាកលវិទ្យាល័យដែលបានទទួលសិទ្ធិបណ្តុះបណ្តាលពីក្រសួងទេសចរណ៍។ បន្ទាប់មកត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍នៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍។
ឯកឧត្តមក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវ:របស់ខ្លួនអោយសក្តិសមជាមគ្គុទ្ទេសក៍ថ្នាក់ជាតិ ដែលត្រូវមានចំណេះដឹងទូលំទូលាយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្រ្ត ប្រពៃណី សិល្ប: វប្បធម៌ខ្មែរ។
ឯកឧត្តម ថោង ខុន ក៏បានលើកឡើងផងដែរថា សន្តិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាចំបងដែលជម្រុញដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍បច្ចុប្បន្ន និងទៅអនាគត។
សូមរំលឹកថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥ លាននាក់ ក្នុងកំណើន ៥%។ តាមរបាយការណ៍ របស់ក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ ពិភពលោក (World Travel and Tourism Council WTTC) ចេញផ្សាយឆ្នាំ២០១៦ បានបង្ហាញថា កម្ពុជាបង្កើតបានការងារដោយផ្ទាល់ និងប្រយោលប្រមាណ ២,៣លាននាក់ ពី ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។ ដោយឡែក ការងារដោយផ្ទាល់ពីឧស្សាហកម្មទាំងពីរនេះប្រមាណ ១,២លាននាក់ ស្មើនឹង១៤% នៃការងារសរុប និងនាំមកនូវចំណូលជាតិ ប្រមាណ ៣.៤០០ លានដុល្លារ រួមចំណែកប្រមាណ ១៣,៥ % នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រកចំណូលជូនជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់។
ប្រភព៖ ក្រសួងទេសចរណ៍