អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា បានពន្យល់ថា ការដែលផ្លូវមួយចំនួនសាងសង់រួចហើយបែរមានបញ្ហា(ផ្លូវខូច) ដោយសារតែបញ្ហាអាកាសធាតុ និងករណីរថយន្តដឹកលើសចំណុះ។
ការលើកឡើងរបស់អ្នកនំាពាក្យក្រសួងសាធារណការខាងលើ បានធ្វើឡើងបន្ទាប់ពីប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានបា្រប់ RFA ថា ផ្លូវនៅប្រទេសកម្ពុជា ធ្វើអស់លុយច្រើន ប៉ុន្តែមិនសូវមានគុណភាព។
បើតាមលោក សុន ឆ័យ កម្ពុជា បានខ្ចីលុយពីក្រៅប្រទេសច្រើនណាស់ ដើម្បីសាងសង់ផ្លូវ និងស្ពាន ហើយថាក្រុមហ៊ុនសាងសង់ផ្លូវមួយចំនួនបានចំណាយលុយក្រៅប្រព័ន្ធ ដើម្បីសូកប៉ាន់មន្ត្រីពាក់ព័ន្ធពី ៤០% ទៅ ៥០% នៃថ្លៃសាងសង់ផ្លូវ ជាថ្នូរដើម្បីទទួលបានសិទ្ធិសាងសង់លើគម្រោងស្ថាបនាផ្លូវ ឬស្ពានអ្វីមួយ។
លោក សុន ឆ័យ បន្តថា អ្នកពាក់ព័ន្ធនឹងថវិកាក្រៅប្រព័ន្ធនេះ ជាបុគ្គលមានអំណាច អភិបាលខេត្ត-រាជធានី និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម។
ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា មិនមែនតែលោក សុន ឆ័យទេ ដែលរិះគន់ផ្លូវដែលរាជរដ្ឋាភិបាលសាងសង់រួចហើយ ប៉ុន្តែគុណភាពអន់នោះ សូម្បីតែប្រជាពលរដ្ឋសាមញ្ញនិងមជ្ឈដ្ឋានជាច្រើនទៀត ក៍មើលឃើញមិនខុសពីលោកតំណាងរាស្រ្តបក្សប្រឆាំងខាងលើដែរ រហូតដល់មានពាក្យថា«ធ្វើផ្លូវ ដាក់លូ ធ្វើយូរៗទៅ ខូចទាំងផ្លូវ ស្ទះទាំងលូ » ៕
ប្រភពៈ អង្រត់