ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១០:២៨ (05-02-2017 10:28)
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងបង្ហាញម៉ូដ ទ្រី តារាវុធ មានការចាប់អារម្មណ៍ខ្លាំងក្រោយពីលោកទទួលការងារសិល្បៈជាបន្តបន្ទាប់ ពិសេសក្រោយពេលទទួលចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រឡង Freshie Boy & Girl ជំនាន់ទី១៥ឆ្នាំ២០១៦មក ។
ក្នុងពេលដ៏ខ្លីខាងមុខនេះលោកទ្រី តារាវុធ នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិត ។ តំណែងតួឯកលើកដំបូងនេះនឹងចាប់ផ្តើមថតក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ។
កន្លងមកលោកទ្រី តារាវុធ ធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា«កំលោះ៥១ក្រមុំ៣២» និងរឿង«កំណត់ហេតុនាងនាថ» ជាដើម តែមិនបានតំណែងតួឯកទេ។
តារាសម្តែងវ័យ២២ឆ្នាំ ទ្រី តារាវុធ បញ្ជាក់ថាលោកនឹងព្យាយាមសម្តែងឲ្យល្អ ហើយលោករំពឹងថា ខ្សែភាពយន្តខ្នាតធំនេះនឹងទទួលបានការគាំទ្រពីទស្សនិកជននៅពេលចាក់បញ្ចាំង ។
ក្រៅពីការងារសម្តែង និងបង្ហាញម៉ូដ លោកទ្រី តារាវុធ ត្រៀមខ្លួនធ្វើជាពិធីករក្នុងកម្មវិធីប្រកួត Freshie Boy & Girl ឆ្នាំ២០១៧ ។
និស្សិតឆ្នាំទី៣ផ្នែកស្ថាបត្យកម្មលោកទ្រី តារាវុធ លើកឡើងថា ក្រោយពេលបញ្ចប់ការសម្តែងភាពយន្តរឿង«កំណត់ហេតុនាងនាថ» និងក្លាយជាម្ចាស់ជ័យលាភី Freshie Boy មកមានផលិតកម្មក្នុងស្រុកជាច្រើនទាក់ទងលោកឲ្យចូលរួមសម្តែងជាបន្តបន្ទាប់ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបលោកមិនចង់ទទួលច្រើននាំឲ្យជាន់គ្នា ឬពិបាកបែងចែកពេលវេលា។ ក្រោយពីទទួលបានការងារថ្មីបន្តបន្ទាប់នេះធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ ទ្រី តារាវុធ ពេញចិត្តក្នុងទេព្យកោសល្យសម្តែងរបស់លោក ៕
ប្រភពៈ កោះសន្តិភាព