ខេត្តត្បូងឃ្មុំ ៖ រហូតមកដល់ថ្ងៃទី១២ មីនា ២០១៧ នេះអស់រយៈពេល២ថ្ងៃមកហើយ ដែលរថយន្តមន្ទីរពិសោធន៍ចល័ត របស់កាំកុងត្រូល បានចុះត្រួតពិនិត្យ និងវិភាគរកឃើញជាបន្តបន្ទាប់នូវសារធាតុគីមី មាននៅលើបន្លែផ្លែឈើ និងម្ហូបអារហារមួយចំនួន មានដូចជា ៖ ខ្ទឹមស ខ្ទឹមក្រហម ក្រូចឃ្វិច ត្រីងៀតសំយ៉ុង និងត្រីងៀតក្រហម នៅតាមផ្សារ និងច្រកទ្វារព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ។
ដោយឡែកនៅព្រឹកថ្ងៃដដែល មន្ត្រីកាំកុងត្រូលខេត្ត និងរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល បានចុះត្រួតពិនិត្យ បន្លែផ្លែឈើ ម្ហូបអារហារ ជាពិសេសទំនិញនាំចូលតាមច្រកទ្វារព្រំដែនទាំងអស់ ជាបន្តទៀត នៅផ្សារដា និងច្រកទ្វារទ្វេភាគីដារ ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលគឺបានប្រទះឃើញ សំណល់ថ្នាំសំលាប់សត្វល្អិតនៅលើ ស្លឹកខ្ទឹម ដែលជាសារធាតុគីមី មិនអនុញ្ញាតអោយប្រើប្រាស់លើបន្លែទាំងនោះឡើយ ព្រោះវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។
បន្ទាប់ពីពិនិត្យ និងវិភាគឃើញជាក់ស្តែង មន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការដកហូតភ្លាមៗនូវស្លឹកខ្ទឹម ដែលផ្ទុកសារធាតុគីមីទាំងនោះ ដើម្បីយកទៅកំទេចចោល ព្រមទាំងបានណែនាំ អប់រំ និងធ្វើកិច្ចសន្យា ជាជំហានបន្ទាប់ មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តតាមដានស្វែងរកប្រភព ដែលប្រមូលព័ត៌មានពីទីផ្សារ ក្នុងន័យធ្វើយ៉ាងណាធ្វើការទប់ស្កាត់ និងបង្ក្រាបអោយខានតែបាន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
សូមរំលឹកឡើងវិញថា កាលពីរសៀលថ្ងៃទី១០ មីនា នេះរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យនៅច្រកទ្វារត្រពាំងផ្លុង គឺបានប្រទះឃើញសំណល់ថ្នាំសំលាប់សត្វល្អិតមាននៅលើ ខ្ទឹមក្រហម និងខ្ទឹមស ដែលឈ្មួញបានដឹកនាំចូលតាមរថយន្ត និងរ៉ីម៉កម៉ូតូ នាំចូលពីប្រទេសវៀតណាម ។ ហើយកាលពីរសៀលថ្ងៃទី១ មីនា ២០១៧ មន្ត្រីជំនាញបានពិនិត្យទៅលើបន្លែ ផ្លែឈើចំនួន២៨មុខ ដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារទ្វេភាគីអន្តរជាតិភ្នំដិន ដោយក្នុងនោះ មានបន្លែ៣មុខ ត្រូវបានរកឃើញថា មានផ្ទុកនូវសារធាតុគីមី ដែលជាប្រភេទថ្នាំសម្លាប់សត្វល្អិតដដែលខាងលើនេះ មាននៅលើ ផ្លែម្ទេស ស្លឹកកាឆាយ និងស្លឹកខ្ទឹម ៕