សហគ្រិនស្ត្រីវ័យក្មេង ដែលជាម្ចាស់អាជីវកម្មអំបិលធម្មជាតិខេត្តកំពត កញ្ញា ថូង ធីតា វ័យ ២៨ឆ្នាំ ដែលបានបោះការងារនៅភ្នំពេញ ហើយត្រទ្បប់ទៅស្រុកកំណើតវិញ ដើម្បីស្នងអាជីវកម្មពីគ្រួសារ បានថ្លែងថា ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ។
កញ្ញាបានពន្យល់ថា កញ្ញាមានការឈឺចាប់ខ្លាំងណាស់ នៅពេលដែលយើងត្រូវបានគេមើលងាយ បាត់បង់ទំនុកចិត្ត និងភាពជឿជាក់ស្ទើរគ្រប់ផលិតផលរបស់ខ្មែរ ពិសេសផលិតកសិកម្មក្នុងស្រុក ដែលដាំបានហើយត្រូវនាំចេញទៅប្រទេសជិតខាងក្នុងតម្លៃមួយយ៉ាងថោកបំផុត។
ផ្ទុយទៅ ផលិតផលខ្មែរដដែល ក្រោយពេលគេយកទៅកែច្នៃហើយ គេអាចនាំចូលមកវិញនិងនាំចេញទៅបណ្តាប្រទេសដែលនៅសហគមន៍អឺរ៉ុប់ក្នុងតម្លៃមួយដ៏ខ្ពស់។ នេះជាការឈឺចាប់ធំបំផុតសម្រាប់គាត់។ គាត់ថា គាត់ដែលបានរៀនដល់ថ្នាក់អនុបណ្ឌិត បានបោះបង់ការងារនៅភ្នំពេញ ត្រទ្បប់ចូលខេត្តវិញ ព្រោះគាត់មានមានក្តីស្រមៃមួយ។ សូមអានក្តីស្រមៃគាត់នៅក្នុងទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជា លេខ 46 ចេញផ្សាយខែ មិថុនា 2017។
គួរបញ្ជាក់ថា កញ្ញា ថូង ធីតាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈ បានសម្រេចចិត្តឈប់ធ្វើការងារឱ្យគេនៅភ្នំពេញ ហើយត្រលប់ទៅកាន់ស្រុកកំណើតនៅឯខេត្តកំពត ដើម្បីដើរតាមក្តីស្រមៃដែលខ្លួនប្រាថ្នាចង់ឱ្យដល់នាពេលអនាគត៕
ប្រភព៖ business-cambodia