ទីបំផុតគម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យសម្រាប់មហាជនរួមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងប្រទេសកម្ពុជា នឹងលេចចេញជារូបរាងហើយនៅដើមឆ្នាំ២០១៧នេះតាមរយៈកិច្ចខិតខំប្រឹងប្រែងពីវិនិយោគិនក្នុងស្រុក និងការចូលរួមគាំទ្រសហការពីរាជរដ្ឋាភិបាលកម្ពុជា។ បើតាមការព្រាងទុក គម្រោងនេះនឹងប្រកាសលក់នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះតទៅ។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Land បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅឋានសាធារណៈដែលមានតម្លៃសមរម្យនោះថា ៖ «គម្រោងសំណង់លំនៅឋានសាធារណៈមានលំនាំជាផ្ទះល្វែងកូនកាត់ដែលនឹងចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខនេះ គឺជាសមិទ្ធផលថ្មីមួយសម្រាប់ឆ្នាំ២០១៧ ដែលបានកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ដើម្បីឲ្យពួកគាត់មានលទ្ធភាពទទួលបានលំនៅឋានរស់នៅសមរម្យប្រកបដោយផាសុកភាព»។
ដើម្បីធានាបានដល់ការផ្តល់ជូននូវលំនៅឋានមានតម្លៃសមរម្យទាំងនេះដល់អតិថិជន លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងជាសំណូមពរទៅដល់រាជរដ្ឋាភិបាលកម្ពុជា ថា ៖ «ក្រុមហ៊ុនសុំស្នើឲ្យមានការគាំទ្រពីរដ្ឋដល់ការលើកលែងពន្ធអាករនានា ពន្ធលើប្រាក់បន្ថែមពន្ធប្រថាប់ត្រា ឧបករណ៍បរិក្ខា គ្រឿងចក្រ គ្រឿងសម្ភារសំណង់សម្រាប់ផ្គត់ផ្គង់នៅក្នុងគម្រោងលំនៅឋាននេះ អចលនវត្ថុ និងពន្ធអាករលើតម្លៃបន្ថែមជាដើម»។
លោកបានបន្តថា ៖ «[ក្រុមហ៊ុនក៏សំណូមពរឲ្យមានការ]តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ ចរន្តអគ្គិសនី ប្រព័ន្ធលូ ប្រព័ន្ធទូរគមនាគមន៍ និងការតភ្ជាប់ផ្លូវចូលទៅកាន់តំបន់អភិវឌ្ឍន៍នេះ ជាដើម»។
«គម្រោងអភិវឌ្ឍន៍លំនៅឋានសាធារណៈនេះ គឺជាលំនៅឋានបែបសហគមន៍ ដើម្បីផ្តល់ការរស់នៅរបស់ប្រជាពលរដ្ឋ[នៅទីនេះ]ប្រកបដោយគុណភាព សុវត្ថិភាព និងសុខុមាលភាពក្នុងការរស់នៅ»។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា រិទ្ធី។
លោកពន្យល់ថា គម្រោងនេះផ្តោតការយកចិត្តដាក់ជាចម្បងទៅលើមន្ត្រីរាជការដែលរៀបការមានគ្រួសាររួចហើយតែពួកលោកមានប្រាក់បៀវត្សរ៍ទាប ខ្វះលទ្ធភាពទិញលំនៅឋានតាមទីផ្សារសេរី។ បន្ទាប់ពីនោះគឺក្រុមគ្រួសារពលរដ្ឋដែលមានប្រាក់ចំណូលទាបជាង៥០០ដុល្លារក្នុងមួយខែ។
ជំហានដំបូងនៃគម្រោងលំនៅឋានសាធារណៈដែលមានតម្លៃសមរម្យ គឺស្ថិតនៅក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន World Bridge Land របស់លោកឧកញ៉ា សៀ រិទ្ធី។
គម្រោងនេះនឹងចាប់ផ្តើមនៅលើផ្ទៃដីទំហំ ២៤ ហិកតា នៃគម្រោងផ្ទៃដីសរុបទំហំចំនួន៤៥ហិកតា ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលមានចម្ងាយ ៨គ.ម ភាគខាងត្បូងពីក្រុងតាខ្មៅ។
ដើម្បីផ្តល់សុខុមាលភាពដល់ប្រជាពលរដ្ឋដែលនឹងត្រូវរស់នៅទីនេះតាមគម្រោងមេ ក្រុមហ៊ុនគ្រោងនឹងបង្កើតឲ្យមានផ្សារលក់ដូរ ហាងលក់ទំនិញ គ្លីនិក មតេយ្យសាលា សួនច្បារសាធារណៈ និងបង្កើតឲ្យមានសេវាដឹកជញ្ជូនទៅតភ្ជាប់ជាមួយសេវាកម្មដឹកជញ្ជូនសាធារណៈរបស់រដ្ឋនៅតំបន់នោះផងដែរ។
តាមផែនការ «ក្រុមហ៊ុនគ្រោងនឹងសាងសង់ផ្ទះមានកម្ពស់២ជាន់ សរុបចំនួន២២៩៧ល្វែង ចែកចេញជាពីរប្រភេទ គឺប្រភេទទី១ ផ្ទះទំហំ ៤ គុណ ៧ ម៉ែត្រ មានចំនួន ២០២៥ ល្វែង និងប្រភេទ ទី ២ មានទំហំ ៦ គុណ ៧ ម៉ែត្រ មានចំនួន ២៧២ ល្វែង»។ នេះបើតាមសម្តីរបស់លោកឧកញ៉ា សៀ រិទ្ធី។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងនៅចំពោះមុខមហាជនជាង ៥០០ នាក់ ដែលបានចូលរួមនៅក្នុងពិធីនោះថា ៖ «ខ្ញុំរង់ចាំថ្ងៃនេះជាយូរឆ្នាំមកហើយ។ ដោយបូករួមនឹងទឹកចិត្តសប្បុរសរបស់លោកឧកញ៉ា សៀ រិទ្ធី ដែលបានគិតគូរអំពីផលប្រយោជន៍ខ្លួនឯងផង និងចង់ជួយចែករំលែកផលប្រយោជន៍សម្រាប់សង្គមជាតិផង។ [ទើបថ្ងៃនេះ] យើងអាចបើកការដ្ឋានសង់ផ្ទះដែលមានតម្លៃសមរម្យឲ្យស្របទៅតាមគោលនយោបាយលំនៅឋានរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបានបន្តថា ៖ «ផ្ទះតម្លៃ២៤០០០ ឬក៏៣ម៉ឺនដុល្លារចុះដែលមានទំហំធំ។ ផ្ទះមានទំហំ៤គុណ៧ម៉ែត្រ គឺមានចំនួន ២០២៥ ល្វែង និងផ្ទះទំហំ ៦ គុណ ៧ម៉ែត្រ មានចំនួន ២៧២ ល្វែង»។
លោកបន្ថែមថា៖ «យើងធ្វើយ៉ាងណា កុំឲ្យគេបង់លើសពី៨០ដុល្លារក្នុងមួយខែ គឺឲ្យគាត់បង់គ្រប់២០ឆ្នាំ រហូតបានផ្ទះមួយ»។
លោករដ្ឋមន្ត្រីបានអះអាងថា រាល់ដំណើរការបំពេញបែបបទឯកសារនានាសុំទៅក្រសួង និងអាជ្ញាធរពាក់ព័ន្ធនានា ដូចជា អាជ្ញាធរអគ្គិសនី អាជ្ញាធរមូលដ្ឋាន ក្រសួងរ៉ែ និងថាមពល សម្រាប់ការបូមខ្សាច់យកមកផ្គត់ផ្គង់ការដ្ឋានសាងសង់គម្រោងនេះជាដើមនោះ «ក្រសួងរៀបចំដែនដីនឹងធ្វើលិខិតអមភ្ជាប់ជាមួយនឹងសំណូមពរ ដើម្បីឲ្យឧកញ៉ា សៀ រិទ្ធី នេះ គឺចាត់ការបានស្រួល»។
លោកបន្ថែមថា ៖ «ប៉ុន្តែហាមកុំឲ្យក្រុមអ្នករត់ការឆ្លើយដាក់គ្នា» ទាំងខាងក្រុមហ៊ុន និងខាងក្រសួង។
បន្ថែមលើសពីនេះលោករដ្ឋមន្ត្រីក៏បានហាមប្រាមកុំឲ្យមានការជួញដូរផ្ទះនៅក្នុងគម្រោងនេះដោយបុគ្គល ឈ្មួញ ឬក្រុមបក្សពួក ដើម្បីកេងយកចំណេញផងដែរ ដោយលោកសង្កត់ធ្ងន់ថា «ផ្ទះទាំងនេះគឺសម្រាប់តែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន ណាដែលអត់មានលំនៅឋានពិតប្រាកដ ឬប្រជាជនក្រីក្រប៉ុណ្ណោះ»។
លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា ៖ «គម្រោងនេះ គឺសម្រាប់ទុកអាទិភាពឲ្យមន្ត្រីរាជការមុន ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏មានចំណែកខ្លះសម្រាប់លក់ឲ្យប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមដូចគ្នា គឺមិនមែនមានន័យ ថា យើងទុកតែលក់ឲ្យមន្ត្រីរាជការនោះទេ»។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Land។ រូបភាពៈ ស្រេង ម៉េងស៊្រុន
លោកបន្តថា ៖ «កាល ណាយើងនិយាយពីប្រជាជន គឺនរណាក៏មានសិទ្ធិទិញផ្ទះនេះបាន ដែរ ប៉ុន្តែត្រូវមានចំណូលទាប ឬមធ្យម គឺក្រោម៥០០ដុល្លារក្នុងមួយខែ»។
ពាក់ព័ន្ធទៅនឹងឯកសារផ្សេងៗជាលក្ខខណ្ឌដើម្បីទិញបានផ្ទះនៅក្នុងគម្រោងនេះ «គឺអ្នករៀបការមានប្តី-ប្រពន្ធហើយជាការស្រេច។ បើគាត់ជាអ្នកធ្វើការនៅតាមក្រុមហ៊ុន គឺត្រូវមានលិខិតបញ្ជាក់ពីចំនួនប្រាក់ខែរបស់គាត់ពីក្រុមហ៊ុន ហើយត្រូវតែជាបុគ្គលដែលមានគ្រួសារហើយ។ នៅលីវគឺយើងអត់លក់ជូនបានទេ»។ នេះបើតាមការអះអាងបញ្ជាក់របស់លោកឧកញ៉ា សៀ រិទ្ធី។ «ប្រសិនបើមានអ្នកទិញហើយគាត់មិនបានមករស់នៅ នោះគឺគាត់អត់អាចយកទៅលក់ ឬជួលបានទេ គឺលុះណាតែ៥ឆ្នាំក្រោយ ទើបគាត់អាចជួល ឬលក់បន្តបាន»។
លោកឧកញ៉ាបានបន្ថែមថា លើសពីការទិញផ្ទះមានតម្លៃសមរម្យនេះ ក្រុមហ៊ុន ក៏បានពិភាក្សាជាមួយដៃគូធនាគារឯកជននានា ដើម្បីផ្តល់កម្ចីមានការប្រាក់ទាបសម្រាប់ការទិញផ្ទះនៅក្នុងគម្រោងនេះផងដែរ។
អ្នកស្រី ជឹម សូវ៉ន វ័យ ៥៥ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ រស់នៅឯភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បានព្យាយាមស្កាត់ពីចុងក្រុងម្ខាងទៅចូលរួមនៅក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់លំនៅឋានមានតម្លៃសមរម្យនេះ ក្នុងបំណងទិញសម្រាប់ស្នាក់នៅជាមួយកូនៗរបស់ពួកគាត់។
អ្នកស្រីបន្តថា គាត់បានដឹងព័ត៌មាននេះយូរដែរហើយ ប៉ុន្តែពុំដឹងទីតាំងច្បាស់លាស់ទេ។ «គាត់[លោកឧកញ៉ា]ថា ៨គ.ម ពីក្រុងតាខ្មៅ គិតទៅ១៨គ.ម ពីវិមានឯករាជ្យ [ខ្ញុំ]គិតថាវាមិនអីទេ»។ នេះបើតាមសម្តីរបស់អ្នកស្រី សូវ៉ន៕
ប្រភពៈ postkhmer