លោកអ្នកមាន មួយសំលេង ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើស អ្នកដឹកនាំអាជីវកម្មឆ្នើម ប្រចាំឆ្នាំ ២០១៦ នៅខាងក្រោមអត្ថបទ៖
លោក Paul Blanche-Horgan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតនាំមុខគេនៅកម្ពុជា បានមកធ្វើការក្នុងវិស័យទំនាក់ទំនងនៅកម្ពុជា តាំងពីឆ្នាំ១៩៩៨ មកម្លេះ។ គ្រានោះ បច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធើណេត ជារបត់ថ្មីនៅកម្ពុជា ហើយសេវាកម្មអ៊ីនធើណេត ដំបូង គឺ dial-up ដែលមានល្បឿន 64kb។ បច្ចុប្បន្នលោក Paul Blanche-Horgan ក៏មានមុខងារជាឧកញ៉ា ដែលត្រូវបានប្រទានដោយព្រះមហាក្សត្រនរោត្តម សីហមុនី កាលពីពាក់កណ្ដាលខែវិច្ឆិកា ក្នុងឆ្នាំ ២០១៣។
នាយកប្រតិបត្តិរូបនេះ ធា្លប់បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដ៏ប្រសើរមួយ ក្នុងការធ្វើអាជីវកម្ម។ លោកបានពន្យល់ថា ការដើរតួនាទីនៅក្នុងវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍពាណិជ្ជកម្ម នៃវិស័យទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អាចនិយាយបានថា ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កំពុងផ្តល់ប្រយោជន៍យ៉ាងពិតប្រាកដ។
ជាការពិត វិស័យបច្ចេកវិទ្យាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញនៃការធ្វើអាជីវកម្មតាមអនឡាញ។ ស្របពេលដែល កំណើនអ្នកប្រើប្រាស់អ៊ីនធើណេតកើនឡើង ក៏ជាការបង្ហាញអោយឃើញនូវរបត់គំនិតក្នុងយុគសម័យថ្មីនៃ ការធ្វើអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណេត។ តួយ៉ាង អ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជាមានជាង ៦លាននាក់ បើគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៥ ហើយនាពេលបច្ចុប្បន្នអ្នកប្រើប្រាស់ហ្វេសប៊ុកកើនដល់ ៤លាននាក់ហើយ ដែលនេះជាកត្តា ធ្វើឲ្យម្ចាស់អាជីវកម្មតាមអនឡាញមានភាពងាយស្រួល ក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដល់អតិថិជន ។
គួរជម្រាបថា Ezecom ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមក បានក្លាយជាក្រុមហ៊ុនផ្ដល់សេវាគមនាគមន៍ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ Ezecom ផ្ដល់សេវាខ្សែកាបអុបទិក WIMAX, ADSL និងដំណោះស្រាយលើអ៊ីនធើណេត ដល់ក្រុមហ៊ុន និងអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom បានទទួលពានរង្វាន់ជា ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណេតល្អផ្ដាច់គេ សម្រាប់ឆ្នាំ ២០១២ ពីស្ថាប័ន International Data Group (IDG) និងអាជ្ញាធរជាតិអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា (NiDA) ជាផ្នែកមួយនៃពានរង្វាន់ផលិតផល និងសេវា ICT កម្ពុជា លើកទី៤។
ប្រសិន បើលោកអ្នកចង់បោះឆ្នោតឲ្យ អ្នកដឹកនាំអាជីវកម្មឆ្នើមខាងលើ បានជាប់ជាជ័យលាភី អ្នកដឹកនាំអាជីវកម្មឆ្នើម ប្រចាំឆ្នាំ ២០១៦ របស់ទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជា សូមចូលទៅកាន់ http://goo.gl/XWbHKL នឹងធ្វើការបោះឆ្នោត៕
កាលបរិច្ឆេទបញ្ចប់ការបោះឆ្នោត៖ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦
ប្រភព៖ Business-cambodia