អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រកាសជាសាធារណៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះថា លោកនឹងប្តឹងម្ចាស់អាក់ខោនហ្វេសប៊ុកឈ្មោះ Vanna Hay ដែលបានប្រមាថលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ។
លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ ក៍បានប្រកាសឲ្យពលរដ្ឋដែលស្គាល់ម្ចាស់អាក់ខោនខាងលើ ផ្តល់ព័ត៌មានទៅកាន់លោកដើម្បីរៀបចំឯកសារប្តឹង ។
នៅលើបណ្តាញសង្គមហ្វេសម្ចាស់អាក់ខោនឈ្មោះ Vanna Hay បានសរសេរនៅលើរូបលោក សុខ អាន ក្រោយលោក សុខ អាន បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៥ ខែមីនាថា R.I.H ដែលចង់សំដៅអត្ថន័យពេញជាភាសាអង់គ្លេសថា Reat in Hell ប្រែជាភាសាខ្មែរថាអ្នកនឹងចុះនរក ។
មិនអាចរកការសុំអត្ថាធិប្បាយឆ្លើយតបបានទេពីម្ចាស់អាក់ខោនឈ្មោះ Vanna Hay ជុំវិញការប្រកាសប្តឹងរបស់លោក ផៃ ស៊ីផាន នៅព្រឹកថ្ងៃអាទិត្យនេះ ។
ជាការកត់សម្គាល់ នាពេលកន្លងមករាល់បុគ្គលណាដែលប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅលើបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើនគេចមិនផុតពីជាប់គុកនោះទេ ប៉ុន្តែអ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានខ្លះ នោះគឺនៅពេលដែលសមាគមយួននៅស្រុកខ្មែរប្រមាថព្រះមហាក្សត្រខ្មែរ សមត្ថកិច្ចហាក់ដូចជាមិនខ្វល់និងចាត់វិធានការស្របច្បាប់ដើម្បីស្រាវជ្រាវចាប់ជនប្រមាថនោះមកផ្តន្ទាទោសនោះនៅឡើយទេ ៕
ប្រភពៈ angrut