ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអះអាងបញ្ជាក់ជាថ្មីម្តងទៀតថា លោកជិតបានចូលស្រុកវិញហើយ ក្នុងពេលឆាប់ៗខាងមុខនេះ។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានសរសេរសារខ្លីមួយ ជាយោបល់ ឆ្លើយតប (comment) ទៅសកម្ម ជនគណបក្ស សង្គ្រោះជាតិ ដែលបានបង្ហោះរូបភាពលើកស្លាក គណបក្សប្រឆាំងនេះថា ”ខ្ញុំសូមកោតសរសើរការ ខំប្រឹងប្រែង របស់សកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់គ្នា ជាទីនឹករលឹក។ ខ្ញុំជិតបានមក ជួបបងប្អូន ក្មួយៗវិញហើយ”។
ការបង្ហោះសារខ្លីអះអាងបញ្ជាក់ពីការវិល ចូលស្រុករបស់លោកសម រង្ស៊ី ខាងលើនេះ មិនមែនជាលើកទី១ របស់លោកសម រង្ស៊ី ទេ ដែលបង្ហាញពីជំហរក្នុងការត្រៀមខ្លួនវិលចូល ស្រុកវិញ គឺមុននេះ លោកបានអះអាងបញ្ជាក់ ច្រើនលើកមកហើយ តាមបណ្តាញ សង្គមហ្វេសប៊ុករបស់លោកថា លោកដាច់ខាត ត្រូវតែវិល ចូលស្រុកវិញ ឱ្យបានមុនឆ្នាំ២០១៨ ឬមុនពេល ការបោះឆ្នោត។
ការប្រកាសរបស់លោកសម រង្ស៊ី នៅពេល នោះ បានធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋមានការ ចាប់អារម្មណ៍ និងគិតថា មេបក្សប្រឆាំង រូបនេះ ពិតជាមានឱកាសអាចវិលចូលស្រុកវិញឆាប់ៗ។ ប៉ុន្តែមកដល់ពេលនេះ មជ្ឈដ្ឋាននយោបាយ គ្មាន រំពឹងថា លោកសម រង្ស៊ី អាចត្រូវវិលចូលស្រុក វិញឆាប់ៗដូចការអះអាងរបស់លោកនោះទេ គឺមជ្ឈដ្ឋានអ្នកនយោបាយទាំងនោះ បានលើក ឡើងថា ជីវិតន យោបាយរបស់មេបក្សប្រឆាំង រូបនេះ នឹងត្រូវបញ្ចប់ដោយការរស់នៅប្រទេស បារាំង ក្នុងនាមជាពលរដ្ឋបារាំង ដើមកំណើត ខ្មែរ សញ្ជាតិ បារាំងនោះរហូតហើយ មិនអាច វិលមក ប្រឡូកនយោបាយក្នុងប្រទេសកម្ពុជា វិញបានទេ ខណៈដែលលោកបានបាត់បង់បុព្វ សិទ្ធិ ជាតំណាងរាស្ត្រ ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិ នាពេលកន្លងមក និងមានឈ្មោះជា ទណ្ឌិត ប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ ខ្លួន របស់ តុលាការជាច្រើនករណី។ ដូច្នេះបើលោកសម រង្ស៊ី ហ៊ានវិលចូលស្រុកវិញ អាចប្រឈម នឹងការ ចាប់ខ្លួនដាក់ពន្ធនាគារមិនខាន។
មុននេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក៏បានរំលឹកលោកសម រង្ស៊ី ដែរថា កុំភ្លេចខ្លួន ព្រោះលោកគឺជាទណ្ឌិត ស្របច្បាប់ យ៉ាងពិតប្រាកដ មិនមែនជាការយល់សប្តិទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា ថ្វីត្បិតវប្បធម៌ សន្ទនា នៅតែសំខាន់ សម្រាប់គណបក្សដែល មានអាសនៈនៅក្នុងរដ្ឋសភា គឺក្រុមមតិភាគ ច្រើន និងក្រុមមតិភាគតិច នៅរដ្ឋសភា មិន អាចយកករណីលោកសម រង្ស៊ី មកលាយឡំ ហើយរំលោភលើច្បាប់រដ្ឋ ដែលតុលាការបាន ធ្វើការកាត់ទោសរួចទៅហើយនោះបានទេ។ ដូច្នេះ លោកសម រង្ស៊ី មានតែនៅបន្តនិរ ទេស ខ្លួននៅក្រៅប្រទេស។
ទោះយ៉ាងណា សម្រាប់អ្នកគាំទ្រគណបក្ស ប្រឆាំង នៅតែមានជំនឿថា លោកសម រង្ស៊ី អាចនឹងបានវិលចូលស្រុកវិញ ក្នុងអំឡុងឆ្នាំ ២០១៧នេះ ឬឆ្នាំ២០១៨ ខាងមុខនេះ តាមរយៈ ការសម្រុះសម្រួលនយោបាយ ឬមានការជួយ អន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការស្នើសុំ ព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ដូចលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យ កាលពីថ្ងៃទី ០២ ធ្នូ ឆ្នាំ២០១៦៕