បាងកក ៖ យោងតាមកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃទី១៩ មីនា ២០១៧នេះអោយដឹងថា ក្រោយពីការរកឃើញកន្លែងលាក់អាវុធមួយរបស់ពួកសកម្មជនប្រឆាំងរបបយោធា ប៉ូលិសថៃអះអាងថាបានរកឃើញគម្រោងការប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីថៃ គឺលោកប្រាយុទ្ធ ចាន់អូចា ហើយអាវុធដែលរកឃើញទាំងនេះគេថា ជារបស់សមាជិកក្រុមអាវក្រហមស្និទ្ធអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
មេប៉ូលិសថៃលោក JAKTHIP CHAIJINDA បាននិយាយប្រាប់កាសែតក្នុងស្រុកថៃថា យើងរកឃើញកាំភ្លើងវែងជាច្រើនដើម ព្រមទាំងកែវយិត ដែលគេត្រៀមសម្រាប់ធ្វើឃាតមេដឹកនាំប្រទេសលោកចាន់អូចា ។ ទោះបីជាយ៉ាងណា លោកមេប៉ូលិសថៃពុំបានបង្ហាញភស្តុតាងផ្សេងទៀត នៃការប៉ងធ្វើឃាតឡើយ ។ ប៉ុន្តែបែរជានិយាយបន្តថា មេដឹកនាំអាវក្រហមរូបនេះអាចលាក់ខ្លួននៅកម្ពុជាផង ។
មេប៉ូលិសថៃប៉ូលិសនិយាយទៀតថា ក្រុមតម្រួតថៃបានរកឃើញកាំភ្លើងវាយលុករាប់សិបដើម និងគ្រាប់បែកដៃ រួមទាំងគ្រឿងផ្ទុះជាច្រើនដុំ ក្នុងផ្ទះរបស់មេដឹកនាំអាវក្រហមលោក វុទ្ធិ ពុង ។ ក្រោយរកឃើញកន្លែងលាក់អាវុធនេះប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៩នាក់ ដែលចោទថា ជាជនជាប់ពាក់ព័ន្ធ ។
ទោះជាបែបណា មិនទាន់អាចស្វែងរកការបំភ្លឺណាមួយពីមន្ត្រីកម្ពុជា បាននៅឡើយទេ ជុំវិញព័ត៌មាននេះ ។ គេនៅចាំបានថា កន្លងមកភាគីថៃ តែងតែបានចោទប្រកាន់ពាក់ព័ន្ធប្រទេសកម្ពុជាដោយខ្វះមូលដ្ឋានច្បាស់លាស់ ដោយភ្ជាប់ពួកអាវក្រហមថៃ ដែលគាំទ្រលោកថាក់ស៊ីន ថាលាក់ខ្លួននៅកម្ពុជា ។
សូមបញ្ជាក់ថា ភាពធ្ងន់ធ្ងរនៃសភាពការណ៍នយោបាយនៅថៃជាកម្មវត្ថុនៃការពិនិត្យពិសេសរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នាថ្ងៃទី២១ និង២២ មីនា នៅក្រុងហ្សឺណែវ ផ្តោតលើការរំលោភបំពានសិទ្ធិមនុស្សនៅថៃចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤មក ។ យោងតាមសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ FIDH ថា ចាប់តាំងពីរបបយោធាឡើងកាន់អំណាចពីខែឧសភា ឆ្នាំ២០១៤មក សន្ធិសញ្ញាអន្តរជាតិទាក់ទិននឹងសិទ្ធិមនុស្ស និងសិទ្ធិនយោបាយត្រូវបានរំលោភបំពានយ៉ាងខ្លាំង ៕
ប្រភពៈ angrut