សុីរី៖ លោកឧត្តម សេនីយ៍ Valery Gerasimov ប្រធាន សេនាធិការ កងទ័ពជើងគោក រុស្ស៊ីបាន ឲ្យដឹងថា រុស្ស៊ីបាន ចាប់ផ្តើមបញ្ឈប់ បន្តិចម្តងៗ នូវវត្តមាន យោធា របស់ខ្លួនក្នុង ប្រទេសស៊ីរីកាល ពីថ្ងៃសុក្រនេះ ជាមួយនិងការ ដកចេញនូវនាវា ផ្ទុកយន្តហោះចម្បាំង របស់ខ្លួន Admiral Kuznetsov ពីសមុទ្រ មេឌីទែរ៉ាណេ ។
ការកាត់បន្ថយយោធានេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី និងតួកគីបាន ធ្វើជាមេអណ្តើក នៃបទឈប់បាញ់មួយ នៅទូទាំង ប្រទេសស៊ីរី កាលពីសប្តាហ៍មុន រវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងដ៏ធំ ជាងគេក្នុងការ ខំប្រឹងប្រែង បញ្ចប់សង្គ្រាម ស៊ីវិលរយៈពេល ជិត៦ឆ្នាំ ក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Gerasimov បានថ្លែងថា ស្របតាមការ សម្រេចចិត្ត ដែលធ្វើឡើង ដោយលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នាវាដឹកយន្តហោះចម្បាំង ម៉ូដែល Kuznetsov ដែលអមដោយនាវាពិឃាតដទៃទៀត គឺត្រូវបានកំណត់ឲ្យ ចាកចេញ ពីតំបន់ ជម្លោះកាល ពីថ្ងៃសុក្រ ទៅកាន់មូលដ្ឋានរបស់ ខ្លួនក្នុងប្រទេសរុស្ស៊ី ។
លោកឧត្តមសេនីយ៍ Andrei Kartapolov មេបញ្ជាការ កងកម្លាំងទទួល បន្ទុកកិច្ចការយោធា នៅស៊ីរី បានថ្លែងថា ក្រុមនាវាផ្ទុកយន្តហោះ ចម្បាំង បានបញ្ចប់ នូវកិច្ចការដែល បានកំណត់ឲ្យ ធ្វើក្នុង ប្រទេសស៊ីរី ក្នុងបេសកកម្មប្រយុទ្ធ ជាលើក ដំបូងដែល ពុំធ្លាប់មាន ។
លោកឧត្តមសេនីយ៍ រូបនេះបានថ្លែង ទៀតថា ក្រុមយន្ត ហោះកងទ័ព ជើងទឹករុស្ស៊ី បានកំទេច គោលដៅ របស់ក្រុមភេរវករ ប្រមាណជាជាង ១២០០ ទីតាំង ដែលចែក ចេញជា៤២០ ប្រភេទក្នុង ប្រតិបត្តិការរយៈ ពេល២ខែក្នុង ប្រទេសស៊ីរី ។