ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធ ដែលជាការបែងចែកចំណាត់ថ្នាក់សម្រាប់អ្នកបង់ពន្ធ ដើម្បីជំរុញការបំពេញកាតព្វកិច្ចពន្ធឲ្យកាន់តែប្រសើរ ដែលការធ្វើបែបនេះត្រូវបានអ្នកជំនាញលើកឡើងថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលជាប់ចំណាត់ថ្នាក់ខ្ពស់។
ប្រព័ន្ធចំណាត់ថ្នាក់ ឬ ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធនេះត្រូវបានបញ្ជាក់នៅក្នុងប្រកាសចេញដោយអគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីចុងខែធ្នូ ត្រូវបានកំណត់ក្នុងលក្ខណវិនិច្ឆ័យផ្សេងៗគ្នាចំនួន១២ ដែលមានពិន្ទុ១ ឬ២ ។
លក្ខណវិនិច្ឆ័យទាំងនោះរួមមានការចុះបញ្ជីរបស់ក្រុមហ៊ុននៅពន្ធដារ និងបច្ចុប្បន្នភាពចុះបញ្ជី ការជូនដំណឹងពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី ក៏ដូចជាការដាក់លិខិតប្រកាសសារពើពន្ធទៀងទាត់តាមកាលកំណត់ជាដើម។
ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកជាប់ពន្ធត្រូវបែងចែកជាបីប្រភេទ គឺមាស (ចំណាត់ថ្នាក់ខ្ពស់) ប្រាក់(ចំណាត់ថ្នាក់មធ្យម) និងសំរឹទ្ធ(ចំណាត់ថ្នាក់ទាប)។ អ្នកជាប់ពន្ធប្រភេទមាស មានពិន្ទុសរុបចាប់ពី១៦ ដល់២០ និងប្រភេទមធ្យមមានពិន្ទុពី១១ដល់១៥ ខណៈអ្នកជាប់ពន្ធទាបគឺពី១ ដល់១០។
វិញ្ញាបនបត្រប្រភេទមាសត្រូវបានប្រគល់ដោយអគ្គនាយកដ្ឋានពន្ធដារ ខណៈអ្នកជាប់ពន្ធប្រភេទប្រាក់ និងសំរិទ្ធ ត្រូវបានផ្តល់តាមការស្នើសុំ។ សុពលភាពនៃអនុលោមភាពសារពើពន្ធមានរយៈពេល២ឆ្នាំ ហើយវាត្រូវបានដកហូតប្រសិនបើរកឃើញថាមិនគោរពតាមលក្ខណវិនិច្ឆ័យដែលខ្លួនទទួលបាន។
លោក Clint O’Connell ប្រធានផ្នែកអនុវត្តពន្ធកម្ពុជានៅក្រុមហ៊ុនប្រឹក្សាយោបល់វិនិយោគបរទេស និងក្រុមហ៊ុនពន្ធ DFDL Cambodia បានឲ្យដឹងថា អត្ថប្រយោជន៍ជាពិសេសនៃចំណាត់នីមួយៗមិនត្រូវបានបង្ហាញនៅក្នុងប្រកាសនេះទេ។ ប៉ុន្តែលោកបានកត់សម្គាល់ថា អាចមានភាពស្របគ្នានឹងផែនការពាណិជ្ជករ ដែលត្រូវបានសាកល្បងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋករ (GDCE)។
លោកបញ្ជាក់ថា៖ «សម្រាប់សហគ្រាសធុនតូច និងមធ្យម [SME] នៅក្នុងប្រទេសកម្ពុជា គំនិតនៃការធ្វើឲ្យមានប្រភេទពន្ធផ្សេងគ្នាបីនេះ សម្រាប់ពន្ធរយៈពេលមួយឆ្នាំនឹងមិនមែនជាក្តីរីករាយទេ ផ្ទុយទៅវិញវិធានការណាដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងស្រុងនៃរបបពន្ធផ្លូវការ យើងគិតថានឹងត្រូវបានស្វាគមន៍»។
លោក O’Connell បន្ថែមថា វិធានការនេះត្រូវបានធ្វើឡើង ដើម្បីជំរុញតែអ្នកជាប់ពន្ធស្រាប់ ជាជាងការជំរុញក្រុមហ៊ុនមិនគោរពតាមច្បាប់ឲ្យអនុវត្តកាតព្វកិច្ចពន្ធ។
លោកលើកឡើងថា៖ «ខណៈដែលរយៈពេល ១២ ខែមុន បានផ្ដោតការយកចិត្តទុកដាក់លើការលុបចោលរបបពន្ធម៉ៅការ និងតម្រូវឲ្យក្រុមហ៊ុនទាំងអស់ត្រូវចូលក្នុងរបបពន្ធផ្លូវការ ប្រកាសនេះត្រូវបានគេមើលឃើញថា ក្រុមហ៊ុនដែលបង់ពន្ធស្រាប់ត្រូវបានគេជំរុញឲ្យគោរពកាតព្វកិច្ចពន្ធដែលពួកគេកំពុងធ្វើ»។
លោកស្រី ឈីវ គីមស្រូយ នាយកផ្នែកសេវាពន្ធ និងការប្រឹក្សាយោបល់នៅក្រុមហ៊ុន Deloitte Cambodia បានកត់សម្គាល់ថា វិធានការថ្មីនេះ បានបម្រើអត្ថប្រយោជន៍ទាំងអាជ្ញាធរ និងអ្នកជាប់ពន្ធ។
ប៉ុន្តែ លោកស្រីបានពន្យល់ថា ការដាក់ទោសអ្នកមិនគោរពតាមច្បាប់នៅតែត្រូវការយុទ្ធសាស្ដ្រជារួមរបស់ GDT ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព។
លោកស្រីបានលើកឡើងទៀតថា៖«សម្រាប់ GDT ពន្ធអាចត្រូវបានប្រមូលទាន់ពេល ហើយវានឹងសន្សំពេលវេលា សម្រាប់សវនករពន្ធ ក្នុងការធ្វើសវនកម្មពន្ធ»។
លោកស្រីបានបញ្ជាក់ថា៖«ប៉ុន្តែ ការផាកពិន័យសម្រាប់អ្នកមិនគោរពតាមច្បាប់ នៅតែត្រូវធ្វើ ក្នុងករណីអ្នកជាប់ពន្ធមួយចំនួនមិនគោរពតាមបទប្បញ្ញត្តិពន្ធ ឬលែងគោរពតាមបទប្បញ្ញត្តិនេះនៅពេលអនាគត»។
លោកស្រី គីមស្រូយ បានឲ្យដឹងថា ប្រតិបត្តិករអាជីវកម្មតូចៗ អាចយល់ថា ការគោរពតាមលក្ខណវិនិច្ឆ័យមួយចំនួនដែលមាននៅក្នុងប្រកាសនេះ មានការពិបាក ប៉ុន្តែថា វិធានការនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ការគោរពតាមច្បាប់ពន្ធនៅពេលអនាគត។
លោកស្រីបានបន្តថា៖ «SME អាចយល់ថាមានការពិបាកបន្តិចបន្តួចក្នុងការរៀបចំកំណត់ត្រាត្រឹមត្រូវ ដូចបានបញ្ជាក់ដោយលក្ខណវិនិច្ឆ័យតម្រូវឲ្យមាននៅក្នុងប្រកាសនេះ»។
លោកស្រីបន្ថែមថា ប៉ុន្តែថា៖ «វិធានការនេះគឺជាការចាប់ផ្ដើមជំរុញឲ្យមានការគោរពតាមច្បាប់ពន្ធកាន់តែទូលំទូលាយសម្រាប់អ្នកជាប់ពន្ធ»៕ LA
ប្រភពៈ postkhmer