ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញត្រៀមកប៉ាល់ចំនួន ២០គ្រឿងដែលកប៉ាល់ក្នុងមួយគ្រឿងៗអាចផ្ទុកអ្នកដំណើរចំនួន ៩០នាក់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក (Water taxi service)ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨យប់ ក្នុងរាជធានីភ្នំពេញ ជាលើកដំបូង នាពេលខាងមុខ។ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា កប៉ាល់ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនឹងចាប់ផ្តើមដំណើរទៅមកពីស្ថានីយ៍អ្នកដំណើរស្ពានព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ស្ថានីយ៍អ្នកដំណើរក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លងកាត់ចំណតចំនួន ៩កន្លែងតាមដងទន្លេសាប ទន្លេចតុមុខ និងទន្លេបាសាក់ចម្ងាយចំនួន ២៤.៩គីឡូម៉ែត្រ ស្មើនឹងចម្ងាយទៅមកជិត ៥០គីឡូម៉ែត្រ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា កប៉ាល់ល្បឿនលឿននេះ អាចបើកបរក្នុងចម្ងាយពីចំនួន ៣០គីឡូម៉ែត្រ ទៅ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយថា វាចេញដំណើរពីចំណតមួយទៅចំណតមួយ ក្នុងរយៈពេល ១២នាទីទៅ១៥នាទីម្តង។
លោកជឿជាក់ថា សាធារណជននឹងចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ «ពលរដ្ឋបានសួរយើង (អាជ្ញាធរ)ច្រើនថា តើគម្រោងចាប់ផ្តើមដំណើរការពេលណា ក្រោយពីយើងបានប្រជុំរួច ដូច្នេះខ្ញុំជឿជាក់ថា ពលរដ្ឋនឹងគាំទ្រគម្រោងនេះ»។ លោក ម៉េត មាសភក្តី បញ្ជាក់នៅថ្ងៃទី៨ កុម្ភៈនេះ ក្រោយពីអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានប្រជុំឆ្លងគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹករួចរាល់។
ប៉ុន្តែ លោកពុំទាន់ដឹងពីការចំណាយថវិកាសម្រាប់អនុវត្តគម្រោងសេវាដឹកជញ្ជូនសាធារណៈតាម ផ្លូវទឹកលើកដំបូងនេះទេ ស្របពេលអាជ្ញាធរ និងវិស័យឯកជន កំពុងសិក្សាផែនការលម្អិត។ បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ គម្រោងនេះ នឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០១៨ ខាងមុខ៕
ប្រភពៈ ថ្មីៗ