រាជធានីភ្នំពេញ ៖ ក្រោយពីតុលាការបានសម្រេចឃុំខ្លួនកាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅនោះ កាលពីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ PJ នាំខ្លួនជនជាប់ចោទឈ្មោះ រស់ សុធីរ័ត្នអគ្គនាយិការក្រុមហ៊ុន ទេសចរណ៍ស្រីរ័ត្ន ទៅកាន់សាលាដំបូងក្រុងភ្នំពេញ ដើម្បីសាកសួរបន្ថែមពាក់ព័ន្ធករណី ឆបោកប្រាក់អតិថិជនប្រមាណជា ២៧ម៉ឺនដុល្លារ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃសឲ្យនាំខ្លួនអ្នកស្រី រស់ សុធីរត្ន័ ដើម្បីមកសាកសួរបន្ថែម ជុំវិញលើពាក្យបណ្ដឹងជិត១០០នាក់ ប្តឹងពីបទរំលោភលើទំនុកចិត្ត។ សំណុំរឿងចោទប្រកាន់អ្នកស្រី រស់ សុធីរ័ត្ន កាន់តែវ័ណ្ឌកហើយព្រោះនៅមានបណ្តឹងបន្តទៀត គឺជាបឋមមានដើមបណ្តឹងចំនួន៩២នាក់ និងមានទឹកប្រាក់ជាង២៧ម៉ឺនដុល្លារអាមេរិក។ ប្រភពព័ត៌មានឲ្យដឹងទៀតថា ដើមបណ្តឹងមានចំនួន៩២នាក់នោះ គឺបានដាក់ចូលដល់ដៃតំណាងអយ្យការហើយ តែនៅមានបណ្តឹងដាក់ចូលបន្តបន្ទាប់ទៀត រីឯទឹកប្រាក់ក៏មិនក្រោម២៧ម៉ឺនដុល្លារនោះដែរ ។ ហើយមានបណ្តឹងចុងមួយទៀតនោះ គឺព្រះសង្ឃក៏ប្តឹងដែរព្រះនាម ប៊ុត ប៊ុនតិញ ដែលក្រុមហ៊ុនស្រីរ័ត្ន បោកអស់ប្រាក់២៦០០ដុល្លារអាមេរិក រឿងទិញសំបុត្រយន្តហោះគ្មានកៅអង្គុយ ។
ទោះជាយ៉ាងនេះក្តីអ្នកស្រី រស់ សុធីរ័ត្ន បានជម្រាបជូនតុលាការថា ទឹកប្រាក់មួយចំនួនត្រូវបានអ្នកដទៃបោកពីនាងដែរ បានជានាងវ័ណ្ឌកដូច្នេះ។
ដើមចម នៃការឃាត់ខ្លួននាយិការរូបនោះឈ្មោះ រស់ សុធីរ័ត្ន អាយុ៣៥ឆ្នាំ ស្នាក់នៅអាសយដ្ឋានឃាត់ខ្លួនខាងលើ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា កន្លងទៅមានអតិថិជនច្រើននាក់បានយកប្រាក់ទៅកក់ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ ដើម្បីទិញសំបុត្រយន្តហោះទៅដើរលេង ក្រៅប្រទេស។ ខាងក្រុមហ៊ុនបានសន្យាជាមួយអតិថិជនថានឹងប្រគល់សំបុត្រយន្តហោះ ឲ្យទៅអតិថិជនតាមថ្ងៃកំណត់ លុះដល់ថ្ងៃកំណត់ត្រូវធ្វើដំណើរទៅដើរស្រាប់តែក្រុមហ៊ុន មិនបានប្រគល់សំបុត្រយន្តហោះឲ្យអតិថិជននោះទេ។
មន្ត្រីកងរាជអាវុធហត្ថបន្តថា មានអតិថិជនខ្លះត្រូវក្រុមហ៊ុនប្រគល់សំបុត្រយន្តឲ្យដល់ដៃហើយ ប៉ុន្តែនៅពេលដល់ម៉ោងត្រូវឡើងយន្តហោះ ស្រាប់តែមន្ត្រីអាកាសយានបញ្ជាក់ថា សំបុត្រនោះមិនមានកន្លែងអង្គុយទេ ពោលគឺមានគេទិញបាត់ហើយ ដូច្នេះអតិថិជននោះបង្ខំចិត្ត ត្រូវទិញសំបុត្រថ្មីនៅព្រលានយន្តហោះក្នុងតម្លៃខ្ពស់ ធ្វើយ៉ាងណាឲ្យខាងតែបាន ព្រោះដល់ពេលវេលាត្រូវចេញដំណើរ។ ដោយសារតែមានរឿងកើតឡើងញឹកញាប់យ៉ាងដូច្នេះ អតិថិជនបានទៅទាមទារយកប្រាក់កក់ពីក្រុមហ៊ុននោះវិញ។
តែម្តងហើយម្តងទៀត នាយិកាមានសម្ដីត្រជាក់ បានគេចវេស មិនព្រមសងប្រាក់កក់ឲ្យទៅ អតិថិជនវិញទេ បានជានៅថ្ងៃទី១៣ កុម្ភៈ ២០១៧ អតិថិជនប្រមាណ៤០នាក់នាំគ្នាប្រមូលផ្តុំ នៅមុខទីស្នាក់ការក្រុមហ៊ុន ដើម្បីតវ៉ាយកប្រាក់ ដោយភ្ជាក់នូវពាក្យបណ្តឹងរៀងៗខ្លួន ទៅជាមួយផងដែរ ជាហេតុធ្វើឲ្យសមត្ថកិច្ចសម្រេចឃាត់ខ្លួននាយិកាឈ្មោះ រស់ សុធីរ័ត្ន ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងដោះស្រាយ លើពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាអតិថិជនត្រូវក្រុមហ៊ុន(ស្រីរ័ត្នទេសចរណ៍អន្តរជាតិ)ពាក់ព័ន្ធថា បានរំលោភលើទំនុកចិត្ត។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ មានអតិថិជនប្រមាណជា ២០នាក់ បានលើកគ្នាទៅតវ៉ា នៅមុខក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន មានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយសារតែសំបុត្រយន្តហោះ ដែលពួកគាត់បានទិញ មានភាពមិនប្រក្រតីពោល គឺដល់ពេលចេញដំណើរទៅក្រៅប្រទេសគ្មានឈ្មោះត្រូវចេញទៅទេព្រោះគ្មានបានទិញសំបុត្រយន្ត។ ក្រុមអតិថិជនបានចោទថា ថៅកែក្រុមហ៊ុនមួយនេះ បានឆបោកលុយពួកគាត់ប្រមាណជា ២៧ម៉ឺនដុល្លារ៕
ប្រភពៈ angrut