ក្រៅពីចូលរួមសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការស្ពានតភ្ជាប់ជ្រៃធំ ស្រុកកោះធំខេត្តកណ្ដាល និងឡុងប៊ិញ ខេត្តអានយ៉ាងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ជាមួួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) គ្រោងជួបមេដឹកនាំកំពូលៗរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមេសា នៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី។ បន្ទាប់មក លោក ង្វៀន ស៊ុងហ៊្វុក នឹងជួបដាច់ដោយឡែកពីគ្នាជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោក ហេង សំរិន ហើយជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលថ្វាយបង្គំព្រះសង្ឃរាជ ទេព វង្ស ផងដែរ។
ឆ្នាំ២០១៧ នេះ ជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសកម្ពុជា ជាផ្នែកមួយនៃការអបអរខួបនេះ ហើយវត្តមានរបស់លោក ង្វៀន ស៊ុងហ៊្វុក នៅកម្ពុជា នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងការទូតទ្វេភាគីបន្ថែមទៀត។
កម្ពុជា និងវៀតណាម រំពឹងថា ការដោះដូរពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងវៀតណាម កាលពីឆ្នាំ២០១៦ មានតម្លៃ៣ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ អង្រត់