កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍កន្លងមក គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ និង ការមិនគោរពច្បាប់ចរាចរណ៍។ ទាក់ទងនឹងការបើកបរហួសល្បឿនកំណត់ក្នុងដែនហាមឃាត់ ក៏មានអ្នកបើកបរមួយចំនួនមិនព្រមទទួលកំហុសរបស់ខ្លួនផងដែរ ដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានដាក់ស្លាកបញ្ជាក់ថានៅខាងមុខ ២០០ម៉ែត្រមានកាមេរ៉ាចាប់ល្បឿន ដើម្បីកុំឲ្យអ្នកបើកបរទាំងអស់ប្រតិកម្មថា សមត្ថកិច្ចផាកពិន័យ មិនបានដឹងជាមុន។
លោកវរសេនីយត្រី ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ សភាពការណ៍ចរាចរណ៍ក្នុងឆ្នាំ ២០១៦ កន្លងមកនេះនៅក្នុងខេត្តកើតឡើងចំនួន ៦៩ករណី ថយចុះជាងឆ្នាំ ២០១៥ ចំនួន ៥៥ករណី និង មនុស្សបានស្លាប់អស់ចំនួន ៤៧នាក់ ស្រី ១២នាក់ និង មានអ្នករងរបួសធ្ងន់ស្រាលចំនួន ១៧៥ នាក់។ខូចរថយន្ត ៥៤ គ្រឿង, ម៉ូតូ ៦៣គ្រឿង, គោយន្ត ៤គ្រឿង ដែលមូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពច្បាប់ចរាចរណ៍។
លោក ឈឹម សារុន បានបន្តថា កំណាត់ផ្លូវក្នុងក្រុងចាប់ពីផ្លូវបត់ទួលក្រាំង រហូតមកដល់ស្ពានថ្មជ្រៃបាក់ គឺច្បាប់អនុញាតឲ្យបើកល្បឿនត្រឹមតែ ៤០គ.មក្នុង១ម៉ោងប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកបើកបរភាគច្រើនបានបើកបរលើសល្បឿនកំណត់ចាប់ពី ៧០ ដល់ជាង ៩០ គ.មក្នុង១ម៉ោង ដែលកត្តាបើកបរបែបនេះបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់។ ទន្ទឹមនេះក៏មានអ្នកបើកបរមួយចំនួន បានប្រតិកម្មជាមួយការអនុវត្តច្បាប់របស់សមត្ថកិច្ច នៅពេលសមត្ថកិច្ចជំនាញបានចាប់ល្បឿនរថយន្តរបស់ពួកគេដើម្បីផាកពិន័យ។
ថ្មីៗនេះតាមបញ្ជារ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង លោកស្នងការខេត្ត បានឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដាក់ស្លាកបញ្ជាក់ថានៅ ២០០ម៉ែត្រខាងមុខមានកាមេរ៉ាចាប់ល្បឿន។ ការដាក់សញ្ញានេះ គឺក្នុងគោលបំណងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដែលកំពុងបើកបរឲ្យប្រុងប្រយ័ត្ន និង បន្ថយល្បឿនយានយន្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍ពីអ្នកបើកហួសល្បឿនកំណត់។
លោក ឈឹម សារុន ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរកុំឲ្យហួសល្បឿនកំណត់ ក្នុងពេលបើកបរត្រូវពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មើលក្រោយចំពោះម៉ូតូ បើកបរប្រកាន់ស្តាំ និង ផ្តល់សិទ្ធិអាទិភាព យោគយល់អធ្យាស្រ័យ និង សូមកុំបើកបរក្នុងស្ថាភាពស្រវឹង៕
ប្រភពៈ កម្ពុជាថ្មី