ការជូនអាំងប៉ាវ គឺជាទំនៀមទម្លាប់មួយរបស់ប្រជាជនចិន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដើម្បីនាំលាភសំណាង ដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ មនុស្សជាច្រើនបានឈរតម្រង់ជួរគ្នានៅឯធនាគារ ដើម្បីប្ដូរក្រដាសប្រាក់ចាស់ យកក្រដាសប្រាក់ថ្មីៗ ដើម្បីដាក់ក្នុងអាំងប៉ាវ។ ប៉ុន្តែ ការដាក់លុយនៅក្នុងអាំងប៉ាវ មិនមែនចេះតែដាក់ឡើយ ព្រោះបើដាក់ខុស អាចនឹងនាំសំណាងអាក្រក់ដល់អ្នកក៏ថាបាន។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗទាក់ទងនឹងការដាក់ និងទទួលយកអាំងប៉ាវ
១. មិនត្រូវដាក់លុយកាក់នៅក្នុងអាំងប៉ាវឡើយ
២. ជៀសវាងការដាក់ចំនួនលុយ ដែលមានលេខ៤ ដូចជា ៤០០៛, ៤០០០៛, ៤០០០០៛… ជាដើម។ នៅក្នុងភាសាចិន ពាក្យ «លេខ៤» មានសូរសំឡេងដូច ពាក្យ «ស្លាប់» ដូច្នេះវាត្រូវបានគេចាត់ទុកថាជា សំណាងអាក្រក់។ ចំនួនលេខគូ (លើកលែងតែ លេខ៤) សុទ្ធតែល្អប្រសើរ ជាងចំនួនលេខសេស។ វាកាន់តែប្រសើរ បើចំនួនលុយចាប់ផ្ដើម ឬបញ្ចប់ដោយ លេខ៨ ដូចជា ៨០០៛, ៨០០០៛, ៨០០០០៛ ជាដើម ព្រោះវាត្រូវបានគេចាត់ទុកថា ជួយបង្កើនសំណាងល្អ។
៣. ត្រូវត្រៀមអាំងប៉ាវនៅក្នុងខ្លួន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល១៦ថ្ងៃ (ពីថ្ងៃចូលឆ្នាំ ដល់ ថ្ងៃបង្ហោះគោម) ក្នុងករណីអ្នកជួបនរណាម្នាក់ដោយចៃដន្យ ហើយត្រូវឲ្យអាំងប៉ាវទៅគេ។
៤. អ្នកគួរដាក់ចំនួនលុយខុសគ្នា នៅក្នុងអាំងប៉ាវផ្សេងគ្នា ដើម្បីអាចដឹងបានរហ័សថា អាំងប៉ាវដែលអ្នកឲ្យគេ មានចំនួនលុយប៉ុន្មាន។
៥. ចំពោះអ្នកទទួលយកអាំងប៉ាវ ត្រូវទទួលយកដោយដៃទាំង២។ ការប្រើប្រាស់ដៃម្ខាងទទួលយកអាំងប៉ាវ គឺជាទង្វើមិនសមរម្យ។
៦. នៅពេលអ្នកទទួលបានអាំងប៉ាវ អ្នកគួរតែសម្ដែងនូវការអរគុណ និងស្វាគមន៍អ្នកឲ្យដោយការពេញចិត្ត ហើយត្រូវនិយាយជូនពរទៅគេវិញ។
៧. អ្នកមិនគួរបើកមើលអាំងប៉ាវ នៅចំពោះមុខអ្នកឲ្យឡើយ៕
ប្រភពៈ សប្បាយ