នៅក្នុងការងារបង្ក្រាបនិងត្រួតពិនិត្យគ្រឿងញៀនកាលពីឆ្នាំ២០១៦កន្លងទៅ សមត្ថកិច្ចជំនាញពាក់ព័ន្ឋបង្ក្រាបបាន៤២៤៦ករណី ចាប់ជនសង្ស័យជួញដូរចំនួន៩៩៣៣នាក់និងរឹបអូសគ្រឿងញៀនជាង១៧៩គីឡូក្រាម ។
តួលេខខាងលើនេះ បានត្រូវបង្ហាញឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ឋផលការងារប្រយុទ្ឋប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៧ ។
បើតាមរបាយការណ៍ដដែល ឆ្នាំ២០១៦កន្លងមក ការងារមន្ត្រីជំនាញបានផ្សព្វផ្សាយអប់រំ ដើម្បីបង្ការទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន និងឲ្យភ្ញាក់រលឹកទៅរកសេវាព្យាបាល ស្តារនីតិសម្បទា បានចំនួន ១៣.៦៦០.៦៨០ នាក់ និងបណ្តុះបណ្តាលជនបង្គោលបន្ថែមបានចំនួន២.៨៣១ នាក់ ។ រកឃើញ និងកត់ត្រាចំនួនអ្នកប្រើគ្រឿងញៀនបានកើនដល់ ២០.៦២១នាក់ (ឆ្នាំ២០១៥ចំនួន ១៦.៥៧៥នាក់) គឺកើនជាង ៣០%។ ហើយអ្នកប្រើគ្រឿងញៀនដែលបានចូលទៅទទួលសេវាព្យាបាលមានចំនួន ១១.៦០១នាក់ (ឆ្នាំ២០១៦ចំនួន ៧.៧៥៣នាក់) ស្មើនឹង ៥៦.២៥% នៃចំនួនអ្នកញៀនសរុប៕
ប្រភព៖ angrut