សព្វថ្ងៃនៅកម្ពុជា មានយីហោហាងកាហ្វេពីរ ដែលកំពុងតែមានសកម្មភាពខ្លាំង ក្នុងពង្រីកហាង ជាលក្ខណះ Franchise គឺហាងកាហ្វេ Amazon និង ហាងកាហ្វេ Coffee Today។ តើដើម្បីអ្នកអាចទិញសិទ្ធិបើកហាងកាហ្វេ Amazon បានអ្នកត្រូវបំពេញនូវលក្ខខ័ណ្ឌអ្វីខ្លះ?
Business Cambodia សូមណែនាំលោកអ្នកដែលចង់ទិញ Franchise សូមមេត្តា សិក្សាឲ្យបានល្អិតល្អន់ពីលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន និងពីលទ្ធភាពរបស់ខ្លួនឯងផង។ ដើម្បីបើកហាង Amazon បានអ្នកត្រូវបំពេញលក្ខខ័ណ្ឌដូចខាងក្រោម៖
១. លក្ខណៈវិនិច្ឆ័យចំពោះទីតាំង
ទីតាំងលោកអ្នកត្រូវស្ថិតក្នុងទីប្រជុំជន មានចរាចរនៃអ្នកដំណើរឆ្លងកាត់ស្ថិតក្នុងកម្រឹតខ្ពស់ដែលអាចទទួលយកបាន ដូចជានៅជិតសាលារៀន គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពេទ្យ និងអគារការិយាល័យជាដើម។ ល។
ទីតាំងលោកអ្នកថែមទាំងស្ថិតនៅក្បែរតំបន់ដែលជាទីពេញនិយមនៃយុវវ័យសម័យថ្មី ដែលមានចំណង់ចំណូលចិត្ត និងរចនាបទនៃជីវិតតាមបែបផែនយុគសម័យថ្មី ។ លើសពីនេះទៅទៀត ទីតាំងរបស់លោកអ្នក អំណោយផល មានចំណតងាយស្រួល ព្រមទាំង មានទីតាំងស្ថិតនៅឆ្ងាយពី ហាងកាហ្វេអាម៉ាហ្សូនដែលបានបើកដំណើរការមុន និងស្ថានីយប្រេងឥន្ធនៈភីធីធី យ៉ាងតិចក៏ក្នុងរយៈចំងាយពី ២គ.ម ទៅ ៣គ.ម ដែរ។
២. ការបណ្តាក់ទុនដំបូង
លោកអ្នកត្រូវបង់សេវាកម្មនៃការទទួលសិទ្ធិធុរកិច្ច Franchise ចំនួន 13,000 USD ដែលចំនួនទឹកប្រាក់នេះរួមបញ្ចូលទាំងថ្លៃសេវាកម្មរៀបចំហាងកាហ្វេ ថ្លៃសេវាកម្មរចនានិងគំនូសម៉ូត ព្រមទាំងផ្តល់ការហ្វឹកហ្វឺនដល់បុគ្គលិកចំនួន ៤រូប។ ដំណាក់កាលបន្ត លោកអ្នកត្រូវបង់ ៣ភាគរយ នៃតម្លៃសរុបកម្រៃប្រចាំខែ ដើម្បីជាវិភាគទានផ្នែកទីផ្សារ និង៣ភាគរយទៀតនៃតម្លៃសរុបកម្រៃ ប្រចាំខែដល់ក្រុមហ៊ុនផងដែរ។ Business Cambodia សូមបញ្ចាក់ថា តម្លៃខាងលើនេះ មិនទាន់បានរួមបញ្ចូលនូវចំណាយក្នុងបង្កើតហាង ដែលរួមមាន ថ្លៃជួល ថ្លៃសម្ភារៈ និង ថ្លៃផ្សេងៗទៀតនៅទ្បើយទេ។
៣.ឯកសារកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចរយៈពេលចំនួន ៦ឆ្នាំ
៤.លោកអ្នកត្រូវបង់ទឹកប្រាក់កក់ចំនួន 3,000 USD
ទឹកប្រាក់នេះនឹងត្រូវបង្វិលជូនលោកអ្នកវិញនៅពេលដែលកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចត្រូវបានបញ្ចប់ជាស្ថាបពរ។
ក្រុមការងារ របស់ Café Amazon នឹងផ្តល់នូវសេវាកម្ម ចំពោះលោកអ្នក ដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee ចាប់ផ្តើមតាំងពីដំណើរការនៃការរៀបចំហាង ហ្វឹកហ្វឺនបុគ្គលិក និងរៀបចំគ្រប់គ្រងដំណើរការទាំងមូលជាដើម។ លោកអ្នកដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee មានភារៈទទួលខុសត្រូវលើការបណ្តាក់ទុន និងចំណាយទាំងឡាយលើបុគ្គលិកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពត៌មានខាងលើអាចនឹងមានការកែប្រែ ឬ Update ថ្មី ចង់ដឹងលម្អិតសូម Call ទៅក្រុមហ៊ុនផ្ទាល់ តាមរយៈ 023 300 018-19៕
ប្រភព៖ Business-Cambodia