ភ្នំពេញ៖(ខ្មែរថាមស៍)ប្រៃសណីយ៍កម្ពុជានឹងបើកដំណើរការឲ្យមានការទិញទំនិញអនឡាញនៅក្នុងខែមីនាខាងមុខនេះដែលជាសកម្មភាពថ្មីមួយដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)នាពេលបច្ចុប្បន្ន។
ស
លោក អោក បូរ៉ា អគ្គនាយក នៃប្រៃសណីយ៍កម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញឲ្យដឹងថា បន្ទាប់ពីសិក្សាទាក់ទងនឹង e-commerce អស់រយៈពេលប្រមាណមួយឆ្នាំ ដែលធ្វើឲ្យសហគ្រាសគ្រប់គ្រងដោយរដ្ឋមួយនេះបានសម្រេចចិត្តដើម្បីបើកដំណើរការសកម្មភាពក្នុងការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មទាំងអស់លក់ផលិតផលរបស់ខ្លួនជាមួយនឹងប្រព័ន្ធអនឡាញរបស់ប្រៃសណីយ៍កម្ពុជា។
លោក បូរ៉ា បានឲ្យបន្ថែមឲ្យដឹងទៀតដែរថា៖ «យើងគ្រោងនឹងបើកដំណើរការសេវាកម្មថ្មីនេះនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ដែលប្រហែលជានៅក្នុងខែមីនា។ ខ្ញុំបានធ្វើការសិក្សា និងធ្វើការនៅលើទំនិញតាមអនឡាញរយៈពេលប្រហែលមួយឆ្នាំ ដូច្នេះក្នុងពេលឥឡូវនេះ យើងបានសម្រេចចិត្តដើម្បីបើកឲ្យមានការទិញទំនិញតាមអនឡាញ ហើយពាណិជ្ជករអាចលក់ផលិតផលរបស់ខ្លួនជាមួយយើងបាន»។
លោកបានបន្ថែមទៀតថា៖«ដូចដែលយើងបានឃើញហើយថា ការទិញទំនិញអនឡាញទទួលបានការពេញនិយមជាមួយនឹងប្រជាជនរបស់យើងក្នុងពេលឥឡូវនេះ»។
លោកថា៖ «ប្រសិនបើយើងសម្លឹងមើលទៅលើចំនួនអ្នកប្រើប្រាស់អុីនធឺណិតផ្អែកតាមតួលេខរបស់និយតករទូរគមនាគមន៍កម្ពុជា នាពេលឥឡូវនេះមានចំនួន ៧លាននាក់ហើយ។ ហើយយើងនឹងចាប់ផ្តើមនៅក្នុងខែមីនា ខាងមុខនេះដោយដាក់ជា e-shopping»។
លោក បូរ៉ា បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានបម្រើសេវាកម្មរួចទៅហើយជាភ្នាក់ងាររបស់ក្រុមហ៊ុនទិញទំនិញអនឡាញធំបំផុតរបស់ចិន គឺក្រុមហ៊ុន Alibaba សម្រាប់រយៈពេល ៤ខែកន្លងមក ដោយបានផ្តល់នូវសេវាកម្មដឹងជញ្ជូនផលិតផលរបស់ខ្លួនដល់អតិថិជននៅប្រទេសកម្ពុជា។
លោក បូរ៉ា បានបន្ថែមឲ្យដឹងទៀតថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សេវាកម្មថ្មីនេះនឹងជួយបង្កើតប្រាក់ចំណូលបន្ថែមទៀតសម្រាប់ពួកយើងដូចដែលយើងបានឃើញស្រាប់ហើយថា ដូចជាក្រុមហ៊ុន Alibaba និង eBay មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងរយៈពេលជាង ៤ខែកន្លងមកនេះ យើងបានចែកចាយផលិតផលដែលបញ្ជាតាមរយៈក្រុមហ៊ុន Alibaba ដែលយើងទទួលបានប្រហែល ១០០តោនក្នុង ១ខែ»។
ទោះបីជាការទិញទំនិញអនឡាញមានការកើនឡើងនៅក្នុងប្រទេសកម្ពុជាក៏ដោយប្រទេសនេះមិនទាន់បានអនុម័តច្បាប់e-commerce របស់ខ្លួននៅឡើយទេខណៈដែលត្រូវបានរំពឹងថា នឹងត្រូវពិនិត្យ និងអនុម័តដោយរដ្ឋសភា នៅពាក់កណ្តាលឆ្នាំនេះ។
សេចក្តីព្រាងច្បាប់ e-commerce មាន ១២ជំពូក ដែលត្រូវបានបែងចែកជា ៩០មាត្រា នឹងគ្របដណ្ដប់យ៉ាងលម្អិតនៃឥណទាន និងការប្រើប្រាស់កាតឥណពន្ធដើម្បីប្រើហត្ថលេខាលើបណ្ដាញក្នុងការទិញទំនិញលើអុីនធឺណិតបាន។ សេចក្តីព្រាងច្បាប់នេះ ក៏មានច្បាប់សម្រាប់ក្រុមហ៊ុនជួញដូរដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់អតិថិជននៅពេលដែលពួកគេធ្វើការបង់ប្រាក់អនឡាញ។
លោកស្រី កឹម សារឿង ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលកន្លងទៅឲ្យដឹងថា សេចក្តីព្រាងច្បាប់ e-commerce ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការការពារដល់ទាំងអ្នកវិនិយោគ និងអតិថិជន។ វាក៏មានការគ្របដណ្ដប់វិស័យសាធារណៈផងដែរ។
លោកស្រីបានថ្លែងឲ្យដឹងថា៖«សេចក្តីព្រាងច្បាប់នេះក៏មានការគ្របដណ្ដប់ការទូទាត់តាមអេឡិចត្រូនិកដែលត្រូវបានគ្រប់គ្រងដោយធនាគារជាតិ នៃកម្ពុជាហើយតាមរយៈសេចក្តីព្រាងច្បាប់នេះក៏នឹងលើកកម្ពស់សុវត្ថិភាពដោយមានការដាក់ទោសទណ្ឌសម្រាប់អ្នកដែលរំលោភបំពានច្បាប់ផងដែរ»។
លោក បូរ៉ា បានបន្តឲ្យដឹងថា បច្ចុប្បន្នប្រៃសណីយ៍កម្ពុជា មានសេវាដឹកជញ្ជូនទំនិញនៅទូទាំងប្រទេស ដូច្នេះហើយការបើកដំណើរការឲ្យមានការទិញទំនិញអនឡាញនឹងត្រូវផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជន និងម្ចាស់អាជីវកម្មដែលចង់លក់ផលិតផលរបស់ពួកគេ។
លោកបានបន្ថែមឲ្យដឹងទៀតថាអតិថិជនមានជម្រើសជាច្រើនក្នុងការបញ្ចប់ប្រតិបត្តិការរបស់ខ្លួនរួមទាំងការបង់ប្រាក់តាមអនឡាញតាមរយៈសេវាផ្ទេរប្រាក់តាមទូរស័ព្ទ ឬដោយការបង់ដោយផ្ទាល់ទៅកាន់បុគ្គលិកសេវាប្រៃសណីយ៍ក៏បាន។
លោកបានបញ្ជាក់ឲ្យដឹងថា៖«យើងមិនគិតប្រាក់ថ្លៃសេវាដល់អតិថិជននោះទេ ប៉ុន្តែយើងគិតប្រាក់ពីអ្នកលក់នៅលើប្រព័ន្ធអនឡាញរបស់យើង។ ចាប់ផ្តើមពីខែមីនា តទៅ ប្រជាជនរបស់យើងគ្រាន់តែចូលទៅក្នុងគេហទំព័រប្រៃសណីយ៍កម្ពុជា»។
លោកបន្តថា៖ «ពួកគេអាចធ្វើការបញ្ជាទិញទំនិញផ្សេងៗជាមួយយើង ហើយយើងនឹងដឹកជញ្ជូនទៅឲ្យពួកគេដោយផ្ទាល់។ យើងនឹងធ្វើការសិក្សាបន្ថែមទៀតអំពីការបើកដំណើរការដំណោះស្រាយសេវាកម្មអេឡិចត្រូនិកពេញលេញដូចជា e-ticket និង e-bills ជាដើមក្នុងឆ្នាំនេះ»៕
ប្រភពៈ ខ្មែរថែមស៍