(បាងកក)៖ យន្តហោះចម្បាំងរបស់ថៃមួយគ្រឿង ដែលចូលរួមនៅក្នុងការហោះហើរ សម្តែងសមត្ថភាពនៅ ក្នុងទីក្រុងហាត់យ៉ៃ នៃខេត្តស៊ុងក្លា ភាគខាងត្បូង ប្រទេសថៃ បានធ្លាក់ បណ្តាលឲ្យអាកាសយានិក នៅលើនោះម្នាក់ស្លាប់បាត់បង់ជិវិតភ្លាមៗ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែ មករា ឆ្នាំ២០១៧នេះ។
យន្តហោះខាងលើនេះមានឈ្មោះ Jas 39 Gripen បានធ្លាក់បុកជុលនឹងផ្លូវហោះហើររបស់វាតែម្តង នៅវេលាម៉ោង ៩:២០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងបាងកក)។ អាកាសយានដ្ឋានទីក្រុងហាត់យ៉ៃ ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីរបស់ប្រទេសថៃ ស្ថិតនៅភាគខាងត្បូងនោះត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ ហើយអាកាសចរណ៍ផ្សេងៗត្រូវបានប្តូរជើងហោះហើរទៅកាន់ព្រលានយន្តហោះ ក្រាប៊ី វិញ។
កងទ័ពជើងអាកាសថៃ បានអំពាវនាវឲ្យប្រជាជនថៃ កុំបង្ហោះ ឬចែកចាយវីដេអូស្តីពីការធ្លាក់យន្តហោះខាងលើនេះ ទៅក្នុងបណ្តាញសង្គមនានាជាពិសេស ហ្វេសប៊ុក “Royal Thai Air Force“។ ដោយឡែកការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់ (ដែលទំនងជាការហោះខុសបច្ចេកទេស) គឺអាជ្ញាធរបានចាប់ផ្តើមហើយ៕
ប្រភពៈ បាងកកផូស