ចាក់ទឹកក្រៅពាង មានន័យថាយ៉ាងម៉េច? ពិតជាពិបាកស្តាប់ណាស់ ប៉ុន្តែបើមិនស្តាប់ក៏មិនទទួលបានចំណេះដឹងនោះដែរ។ ខណៈដែលស្ត្រីខ្មែរជាច្រើនមិនសូវហ៊ាននិយាយពីបញ្ហាសុខភាពផ្លូវភេទជាសាធារណៈ កញ្ញា Catherine Harry អាចក្លាយជាទីប្រឹក្សាដ៏ល្អម្នាក់។
តាមរយៈទំព័រហ្វេសប៊ុក A Dose of Cath របស់ខ្លួន កញ្ញា Catherine Harry និស្សិតឆ្នាំទី៣ ជំនាញផ្នែកផ្សព្វផ្សាយ បានបង្កើតឃ្លីបវីដេអូណែនាំ និងចែករំលែកចំណេះដឹងផ្នែកសុខភាពផ្លូវភេទ។ កាលពីថ្ងៃទី៥ ខែឧសភា យុវតីដែលវ័យប្រមាណ២០ឆ្នាំរូបនេះ បានបង្ហោះឃ្លីបវីដេអូមួយដែលនិយាយពីវិធីសាស្ត្រចាក់ទឹកក្រៅពាងដែលជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមសម្រាប់បុរស។
ក្នុងឃ្លីបវីដេអូរយៈពេល២.៤៥នាទី អមដោយអក្សររត់ជាភាសាអង់គ្លេស កញ្ញា Catherine បានលើកឡើងពីវិធីដ៏មានប្រសិទ្ធភាពទាក់ទងនឹងការចាក់ទឹកក្រៅពាង ប៉ុន្តែកញ្ញាបានលើកឡើងថា វាមានប្រសិទ្ធភាពតែពី៧៣ទៅ៩៦ភាគរយប៉ុណ្ណោះ ព្រោះក្នុងចំណោមមនុស្ស១០០នាក់ដែលអនុវត្ត ២៧នាក់ មានផ្ទៃពោះ។
Catherine បានលើកឡើងថា ចាក់ទឹកក្រៅពាង ក៏ជាវិធីសាស្ត្រដ៏ប្រថុយប្រថានផងដែរ ជាពិសេសនៅពេលស្រវឹង ឬពេលមិនមានស្មារតីខ្ពស់ ដែលធ្វើឲ្យបុរសដកប្រដាប់ភេទចេញមិនទាន់។ កញ្ញាដ៏ស្រស់ស្អាតរូបនេះ បានណែនាំឲ្យបុរសមានការគ្រប់គ្រងខ្លួនឯងឲ្យបានត្រឹមត្រូវនៅពេលរួមភេទ ហើយមធ្យោបាយដ៏ល្អបំផុតនោះ បុរសគួរប្រើប្រាស់ស្រោមអនាម័យ ដែលអាចចៀសផុតពីការឆ្លងជំងឺកាមរោគថែមទៀតផង។
ត្រឹមរយៈពេល៤ថ្ងៃ វីដេអូណែនាំទាក់ទងនឹងការចាក់ទឹកក្រៅពាង ទទួលបានការទស្សនាប្រមាណ១២៨ពាន់ ការចុច Like ជិត៨០០០ និងចែករំលែកជិត២០០០ ។
ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៦ A Dose of Cath បានបង្ហោះវីដេអូប្រមាណ១២ឃ្លីប ដែលក្នុងនោះ Catherine ចែករំលែកចំណេះដឹង ទស្សនៈនានាទាក់ទងនឹងសុខភាពផ្លូវភេទ ការរួមភេទ ការមករដួវ ការប្រើប្រាស់ស្រោមអនាម័យ បញ្ហាព្រហ្មចារីយ៍ និងជីវិតអាពាហ៍ពិពាហ៍ជាដើម។
តាមរយៈទំព័រហ្វេសប៊ុក A Dose of Cath ដែលមានអ្នក Like ជាង៦៥០០០នាក់ [គិតត្រឹមថ្ងៃទី៩ ខែឧសភា] ចង់រួមចំណែកចែករំលែកចំណេះដឹងរបស់ខ្លួនដល់សាធារណជន ជាពិសេសនារីៗ។ «យើងត្រូវជាផ្នែកមួយនៃការផ្លាស់ប្តូរ។ ប្រសិនបើមិនមែនពេលនេះ តើពេលណា? ប្រសិនបើមិនមែនយើង តើអ្នកណា?» នេះជាសំណួររបស់ Catherine ក្នុងគោលបំណងលើកទឹកចិត្តស្ត្រីឲ្យនិយាយដោយបើកចំហរទាក់ទងនឹងបញ្ហាផ្លូវភេទ៕
ប្រភព៖ ថ្មីៗ