កងទ័ពជើងទឹកអាមេរិក ដែលបានសម្លាប់អតីតមេដឹកនាំអាល់កៃដា អូសាម៉ាប៊ិនឡាដិន (Osama Bin Laden) គឺក្រុម «Special Warfare Development Group» ឬគេហៅថា «SEAL Team 6» នឹងចូលរួមនៅក្នុងការធ្វើសមយុទ្ធ នៅឯប្រទេសកូរ៉េខាងត្បូង ដើម្បីកម្ចាត់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ចេញពីអំណាច។ នេះបើតាមការបង្ហាញឲ្យដឹង ពីក្រសួងការពារជាតិអាមេរិក។
អតីតមេដឹកនាំអាល់កៃដា អូសាម៉ាប៊ិនឡាដិន
គួរបញ្ជាក់ថា «SEAL Team 6» គឺជាក្រុមដែលបានធ្វើប្រតិបត្តិការ Operation Neptune Spear សម្លាប់អតីតមេដឹកនាំអាល់កៃដា នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។
ក្រុម SEAL Team 6
នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson បានទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ ម្សិលមិញនេះហើយ ជាមួយនឹងអង្គភាពកងទ័ព Delta Force ដែលមានជំនាញក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវកម្ម។
គួររំលឹកថា កាលពីថ្ងៃអង្គារ កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានព្រមានពីការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ទៅលើសហរដ្ឋអាមេរិក បើមានសញ្ញានៃការឈ្លានពានពីអាមេរិកណាមួយ ស្របពេលដែលកងទ័ពជើងទឹកអាមេរិក បានចូលមកដល់ឧបទ្វីបកូរ៉េ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «កូរ៉េខាងជើង កំពុងស្វែងរកបញ្ហា ហើយសហរដ្ឋអាមេរិកនឹងដោះស្រាយបញ្ហានេះ ជាមួយ ឬដោយគ្មានជំនួយពីប្រទេសចិន»៕
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ប្រភព៖ សប្បាយ